
ភ្នំពេញ៖ បើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជានាពេលថ្មីៗនេះ បានឱ្យដឹងថា ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាមានចំនួនលើសពី២២.១១ម៉ឺនតោន ទឹកប្រាក់ដែលនាំចេញអង្ករសរុបមានចំនួន៥១៦.២១ លានដុល្លារអាមេរិក ហើយក្នុងនោះប្រទេសចិននៅតែជាទីផ្សារនាំចេញអង្ករធំបំផុតសម្រាប់កម្ពុជាធៀបនឹងប្រទេសផ្សេងទៀត។
បើតាមរបាយការណ៍ ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនមានចំនួន១១៥ ២៥៥ តោន ឬស្មើនឹង ៥២.១២% នៃការនាំចេញសរុប ដែលគិតជាទឹកប្រាក់មានចំនួន ៦២.៧៤ លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា ចិនបានបង្កើនកូតាទិញអង្ករពីកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះ ចិនបានសម្រេចបង្កើនកូតានាំអង្ករកម្ពុជា ចំនួន៤០ម៉ឺនតោន ក្នុងឆ្នាំ២០២២នេះ ហើយជាការកត់សម្កាល់ ការនាំចេញអង្ករកម្ពុជាទៅចិន ចេះតែបន្តមានកំណើន។
សូមរំលឹកថា ការនាំចេញអង្ករកម្ពុជាកើនឡើងជិត ១៥% ឬស្មើនឹងចំនួនជិត ៣ម៉ឺនតោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕