Eqm5 on ads news
Photo 2022 10 27 10.25.28
Img 0571
Photo 2023 06 28 13.36.05
Cct 01
Website cc time banner 01082023

កម្ពុជាបើកការសាងសង់«កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិ»ថ្មីតម្លៃ១,៥០០លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កំពង់ផែ​ទឹកជ្រៅ​ខេត្ត​កំពតបើ​កការដ្ឋាន​សាងសង់ នៅថ្ងៃទី ៥ ខែ​ឧសភា ឆ្នាំ២០២២។

កំពត៖ កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយនៅក្នុងខេត្តកំពត នៅថ្ងៃទី ៥ ឧសភានេះ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការជាមួយទុនវិនិយោគដ៏សន្ធឹកសន្ធាប់ ១,៥០០លានដុល្លារអាមេរិក។ កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។ 

កំពង់ផែនេះ ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត» ត្រូវបានវិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»។ «មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងកំពត» មានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។ 

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កំពង់ផែ មានទីតាំងនៅក្នុងតំបន់សមុទ្រទឹកជ្រៅ និង ជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ អំណោយផល ក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និង តភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។ 

បើតាម លោក ស៊ុន ចាន់ថុល គម្រោងវិនិយោគខ្នាតយក្សមួយនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារអាមេរិក។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក។ហើយគម្រោងនេះនឹងរួមបញ្ចូលនូវ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌលភស្តុភាកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ។

កំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន។ កំពង់ផែពហុបំណងនេះ នឹងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង