ភ្នំពេញ៖កម្មករ-កម្មការិនីប្រមាណជាង៣០០នាក់ បម្រើការងារនៅរោងចក្រកាត់ដេរ ឃែនធឺរេន ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ បាននាំគ្នាការតវ៉ា មិនព្រមធ្វើការ ដោយសារតែក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យមិនគ្រប់ និងតែងតែមានភាពយឺតយ៉ាវ។
ប្រភពពីតំណាងសហជីពចលនាកម្មករ ដែលបម្រើការងារនៅរោងចក្រខាងលើ បានឲ្យដឹងថា សម្រាប់កម្មករដែលត្រូវបានព្យួរការងារ ខាងក្រុមហ៊ុនបើកប្រាក់ឈ្នួលឲ្យបាន តែ ១២ ដុល្លារប៉ុណ្ណោះ ចំណែកបងប្អូនកម្មករដែលធ្វើការរយៈពេល១ខែពេញ ខាងក្រុមហ៊ុនបើកឲ្យបានតែ ៣០ ដុល្លារប៉ុណ្ណោះ ដែលតួលេខនេះមិនគ្រប់ទៅតាមប្រាក់ឈ្នួលដែលពួកគាត់ត្រូវទទួលបាននោះទេ។
នាប៉ុន្មានខែចុងក្រោយនេះ ថៅកែរោងចក្រ ឃែនធឺរេន តែងតែបើកប្រាក់ឈ្នួលជូនបងប្អូនកម្មករយឺតយ៉ាវ និងមិនគ្រប់ ជាហេតុនាំឲ្យកម្មករផ្ទុះការតវ៉ាមិនព្រមធ្វើការជាបន្តបន្ទាប់ ដោយទាមទារឲ្យមានការបើកប្រាក់ឈ្នួលឲ្យបានគ្រប់ និងទៀងទាត់ដូចកាលពីពេលកន្លងមក។
សូមជម្រាបជូនថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ឃែនធឺរេន មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ហើយមានកម្មករសរុបចំនួន ៩៩៥ នាក់។នេះបើយោងតាមការចុះផ្សាយរបស់ សម្ព័ន្ធសហជីពចលនាកម្មករ៕