ថៃ៖ កញ្ញា ខែត ឌីនេត្រ បានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាពីវិទ្យាល័យហ៊ុនសែនក្រគរ ខេត្តពោធិ៍សាត់ ក្នុងឆ្នាំ២០១៧។ កញ្ញា ឌីនេត្រ ទើបតែបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ។
តាមយរយៈការសម្ភាសន៍ជាមួយស៊ីស៊ីថាមស៍ កញ្ញា ឌីនេត្រ បានឱ្យដឹងថា ក្រោយបញ្ចប់ការសិក្សាថ្នាក់ទី១២ កញ្ញាទទួលបានអាហារូបករណ៍ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងបានបន្ដការសិក្សាជំនាញរូបវិទ្យា។ ក្រោយមក កញ្ញា បានទទួលព័ត៌មានអំពីអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ តាមរយៈមិត្តភក្តិ និងបានដាក់ពាក្យប្រឡងអាហារូបករណ៍តែម្ដង។
កញ្ញា ឌីនេត្រ បានបន្ដថា ក្រោយពីប្រឡងជាប់ជាប់អាហារូបករណ៍ កញ្ញាបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទ និងបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញ វិទ្យាសាស្ត្រចំណីអាហារ នៅសាកលវិទ្យាល័យប៊ូរផា (Burapha University) ប្រទេសថៃ។
កញ្ញា ឌីនេត្រ បានបន្ថែមថា ការទៅបន្ដការសិក្សានៅប្រទេសថៃ ជំនួសឱ្យការបន្ដការសិក្សានៅកម្ពុជា ពិព្រោះជំនាញ វិទ្យាសាស្ត្រចំណីអាហារ ជាជំនាញដែលកញ្ញាចង់សិក្សានៅមហាវិទ្យាល័យ។ បន្ថែមពីនេះទៀត ជំនាញនេះមានឱកាសការច្រើន និងអាចជួយដល់វិស័យម្ហូបអាហារនៅកម្ពុជា។ ម្យ៉ាងវិញទៀតអាហារូបករណ៍នៅប្រទេសថៃ ផ្ដល់ឱ្យទាំងថ្លៃសាលា ប្រាក់ឧបត្ថមប្រចាំខែ និងកន្លែងស្នាក់នៅទៀតផង។
កញ្ញា ឌីនេត្រ បាននិយាយទៀតថា នៅពេលទៅដល់ប្រទេសថៃដំបូង កញ្ញាមានពិបាកក្នុងការប្រើប្រាស់ភាសាថៃនៅក្នុងការរស់នៅប្រចាំថ្ងៃ និងការសិក្សា។ កញ្ញា ឌីនេត្រ បានបន្ដថា បើមើលជាទូទៅការរស់នៅប្រទេសថៃមានភាពល្អប្រសើរជាងនៅស្រុកកំណើត ដោយសារនៅប្រទេសថៃមានទាំងផ្សារ កន្លែងលក់ម្ហូបអាហារ កន្លែងកំសាន្ដ និងសាលារៀននៅក្បែរៗគ្នា ធ្វើឱ្យជីវិតរស់នៅទីនោះមានភាពងាយស្រួល។
កញ្ញា ឌីនេត្រ បានបន្ថែមទៀតថា ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ធ្វើឱ្យកញ្ញាមិនបានត្រឡប់មកស្រុកកំណើតរហូត់ដល់បីឆ្នាំ។ អំឡុងពេលមានការផ្ទុះឡងនៃជំងឺកូវីដ-១៩ដំបូង ផ្សារ តូប និងហាងអាហារមួយចំនួនត្រូវបានបិទ ដែលធ្វើឱ្យពិបាកក្នុងការរកអាហារសម្រាប់បរិភោប។ អំឡុងពេលនោះ ការសិក្សាត្រូវបានប្ដូរមកសិក្សាតាមអនឡាញទាំងអស់ ដែលនាំឱ្យមានការពិបាកទោះលើការសិក្សាមួយចំនួន ពិសេសការសិក្សានៅក្នុងបន្ទប់ពិសោធន៍ ត្រូវប្ដូរមកជាការមើលជាវីដេអូឃ្លីប ដែលធ្វើឱ្យពិបាកយល់ ជាងការទៅសិក្សាផ្ទាល់។
បើទោះបីជា កញ្ញា ឌីនេត្រ ជួបផលពិបាកទាំងការប្រើប្រាស់ភាសា និងការសិក្សាយ៉ាងណាក៏ដោយ នៅក្នុងលទ្ធផលនៃការសិក្សា កញ្ញាឌីនេត្រ នៅតែទទួលបានលទ្ធផលល្អនៅក្នុងការសិក្សា ជាពិសេសនោះគឺកញ្ញាបានជាប់ជាសិស្សឆ្នើម ដែលទទួលបាន GPA ខ្ពស់បំផុត ១០ នាក់ ក្នុងមហាវិទ្យាល័យវិទ្យាសាស្រ្តរហូតដល់បីឆ្នាំជាប់គ្នា។
កញ្ញា ឌីនេត្រ បានឱ្យដឹងទៀតថា ដោយសារចំណេះដឹងភាសាថៃនៅឆ្នាំមូលដ្ឋានមានកម្រិត សម្រាប់មុខវិជ្ជាដែលត្រូវចាំច្រើន កញ្ញាបានបកប្រែពាក្យដែលអត់ចេះ ហើយយកមកសិក្សាបន្ថែម នឹងស្វែងរកឯកសារភាសាខ្មែរមើលរួមជាមួយផងដែរ។ សម្រាប់មុខវិជ្ជាមូលដ្ឋាន ដូចជារូបវិទ្យា គណិតវិទ្យា គីមី ដែលមានគ្រឹះពីវិទ្យាល័យមក មិនជាមានបញ្ហាច្រើននៅក្នុងការសិក្សានៅឡើយ។ ដោយសារតែ មានការខិតខំប្រឹងប្រែង ដូច្នេះហើយទើបកញ្ញាទទួលបានលទ្ធផលនៃការសិក្សាល្អ៕