Yearendyearend1140x150

ច្រកទា្វរអន្តរជាតិប៉ោយប៉ែតនិងច្រកទ្វារអន្តរជាតិភ្នំដីនឹងបើកឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ច្រកទា្វរអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិភ្នំដី នឹងបើកឲ្យឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ សម្រាប់តែភ្ញៀវទេសចរដែលមានលិខិតឆ្លងដែន បណ្ណព្រំដែន និងកាតចាក់វ៉ាក់សាំងតែប៉ុណ្ណោះ។ រីឯប្រជាពលរដ្ឋខ្មែរដែលជាអាជីវករលក់ដូរនៅផ្សាររុងខ្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ អាជ្ញាធរថៃនៅមិនទាន់អនុញ្ញាតឱ្យចេញ-ចូលបាននៅឡើយទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

យោងតាមសេចក្តីជូនដំណឹង ប្រទេសថៃបានចេញលិខិតអនុញ្ញាតឱ្យភ្ញៀវទេសចរអាចធ្វើដំណើរចេញ-ចូលប្រទេសខ្លួនបាន តាមច្រកទ្វារព្រំដែនចំនួន២នៅខេត្តស្រះកែវ ជាប់ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង គឺច្រកព្រំដែនបានខ្លងលឹក (Ban Khlong Luk) ស្រុកអារញ្ញ ខាងកម្ពុជាគឺច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកព្រំដែនបានខាវដិន (Ban Khao Din) ស្រុកខ្លងហាត ខាងកម្ពុជាច្រកទ្វារអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប៉ុន្តែត្រូវអនុវត្តតឹងរឹងតាមវិធានការ បង្ការជំងឺកូវីដ១៩។

បើតាមលិខិតរបស់រដ្ឋបាលខេត្តស្រះកែវ ដែលបានជម្រាបជូនមកអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង បានបញ្ជាក់ថា ការធ្វើដំណើរចេញ-ចូលប្រទេសថៃតាមច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ «បានខ្លងលឹក» ស្រុកអារញ្ញ ខេត្តស្រះកែវ និងព្រំដែនអចិន្ត្រៃយ៍ «បានខាវដិន» ស្រុកខ្លងហាត ខេត្តស្រះកែវ ភ្ញៀវទេសចរត្រូវមានលិខិតឆ្លងដែន (Passport) បណ្ណព្រំដែន (ដែលត្រូវបំពេញដោយផ្ទាល់នៅច្រកទ្វារព្រំដែន) ជាដើម។

លិខិតដដែលបានបញ្ជាក់ទៀតថា ការធ្វើដំណើរមកពីបរទេសចូលប្រទេសថៃ តាមច្រកព្រំដែនគោកទាំងពីរខាងលើនេះ អាចធ្វើទៅបានក្រោមវិធានការ និងលក្ខខណ្ឌនៃវិធានការបង្ការជំងឺ ក្រោមបទប្បញ្ញត្តិនៃមាត្រា៩ នៃក្រឹត្យស្ដីពីការគ្រប់គ្រងសាធារណៈនៃការគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ១៩។

ភាគីថៃបានបញ្ជាក់បន្ថែមថា ចំពោះការធ្វើដំណើរចេញពីប្រទេសថៃតាមច្រកព្រំដែនគោកទាំងពីរខាងលើ ត្រូវអនុវត្តស្របតាមវិធានការបង្ការជំងឺ លក្ខខណ្ឌ លក្ខខណ្ឌនៃរយៈពេល លក្ខខណ្ឌនៃប្រទេសគោលដៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង