ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ នឹងមានតម្លៃ៥.១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៥.៥០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២។
យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី២១ ដល់ ៣០ ខែមេសា ឆ្នាំ២០២២ នឹងត្រូវលក់ ៥.៣១០ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៦៦០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។
សេចក្តីប្រកាសបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី២១ ដល់ ៣០ ខែមេសា ឆ្នាំ២០២២ នឹងចុះមក ៥.១៥០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង ៥.៥០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១១ ខែមេសា ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ តម្លៃលក់រាយប្រេងសាំងធម្មតាត្រូវលក់តម្លៃ៥,០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥,១០០រៀល ក្នុង១លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរតម្លៃអាចក្បែរ៦០០០រៀល៕
