ភ្នំពេញ៖ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១៩ មេសា បានចេញនូវសេចក្តីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលេីកទី២ សម្រាប់ឆ្នាំ២០២២ ដោយក្នុងសេចក្តីជូនដឹងនោះនេះ បានព្យាករណ៍ថា នៅក្នុងឆ្នាំ ២០២២នេះ ប្រទេសកម្ពុជានឹងទទួលរងព្យុះក្នុងរង្វង់ពី ២៦-២៨ ព្យុះ។
ក្រសួងធនធានទឹក និង ឧតុនិយម បានគូសបញ្ជាក់ថា ព្យុះទាំងអស់នោះ កើតចេញពីមហាសមុទ្រប៉ាស៊ីហ្វិកដែលវាអាចនឹងមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង ដែលទាមទារឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នពីគ្រោះមន្តរាយផ្សេងៗដែលកើតចេញពីព្យុះនេះ។
បើតាមការព្យាករអាកាសធាតុលេីកទី២ សម្រាប់ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម បានពិនិត្យឃើញថា ក្នុងឆ្នាំ ២០២២នេះ រដូវវស្សានឹងចូលមកដល់នៅសប្តាហ៍ទី ១ នៃខែឧសភាជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន នឹងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និង របាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ នៅដើមរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និង ខ្យល់គួចកើតមានច្រើន ។
ចំណែកពាក់កណ្តាលរដូវវស្សានឹងចាប់ពីខែសីហា ដល់ខែតុលា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយនៅពេលផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គវទៅច្រើន នឹងអាចខ្ពស់ជាងឆ្នាំមុន។ នៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយ ឡំផ្គរ រន្ទះ និងខ្យល់គួចបន្តកើតមានច្រើន។បណ្តាលឲ្យបណ្តារាជធានី ខេត្ត មួយចំនួន ដែលមានភូមិសាស្រ្តជាប់ក្បែរនឹងតំបន់ភ្នំ និងទីទំនាបជាប់ផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
នៅចុងរដូវវស្សាអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី ៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹក ភ្លៀងពីមធ្យមទៅបង្គួរ អាចមានភ្លៀងលាយឡំផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់មធ្យម៕