
ភ្នំពេញ៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបានសម្រេចការនាំចេញទំនិញក្នុងទំហំទឹកប្រាក់ជាង ៥.៧ពាន់លានដុល្លារអាមេរិក កើនឡើង២៥.៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានទឹកប្រាក់ពីការនាំចេញទំនិញសំខាន់ចំនួនជាង ៥ ៧១៦ លានដុល្លារអាមេរិក កើនឡើង ២៥.៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានចំនួនជាង ៤ ៥៤៩លានដុល្លារ ខណៈការនាំចូលទំនិញពីទីផ្សារអន្តរជាតិវិញមានតម្លៃ ៧ ៤៤៥ លានដុល្លារ ថយចុះ០.៩%។
របាយការណ៍បន្តថា ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញផលិតផលរួមមាន៖ នាំចេញទៅសហរដ្ឋអាមេរិកក្នុងទំហំទឹកប្រាក់ជាង ២ ១៥០លានដុល្លារ កើនឡើង៤៣.៧%, វៀតណាម ចំនួន ៧៥៨លានដុល្លារ កើនឡើង៣.៩%, ថៃចំនួន៣១៨ កើនឡើង២៨%, ចិនចំនួន៣២១លានដុល្លារ និងជប៉ុនចំនួន ៣០៥លានដុល្លារ។
ក្នុងរយៈពេលបីខែនេះ កម្ពុជាបាននាំចេញសម្លៀកបំពាក់ក្នុងទំហំទឹកប្រាក់ ២ ១៣៧លានដុល្លារ, ធញ្ញជាតិ ៤០៤ លានដុល្លារ, សម្ភារៈធ្វើពីស្បែកសត្វចំនួន ៤៩៥លានដុល្លារ, ស្បែកជើងចំនួន ៤២១លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីតម្លៃ ៣៦៥លានដុល្លារ, ផ្លែឈើ ២៣៤លានដុល្លារ, បន្លែចំនួន២១៩លានដុល្លារ, គ្រឿងសង្ហារឹមចំនួន១៦៨លានដុល្លារ , គុជខ្យង និងត្បូងមានតម្លៃ ចំនួន ៩១លានដុល្លារ ,កៅស៊ូ ចំនួន១១៧លានដុល្លារ រួមនឹងផលិតផលសំខាន់ៗផ្សេងទៀត។ នេះបើតាមរបាយការណ៍៕
