
ភ្នំពេញ៖ កំណើនភ្ញៀវទេសចរចេញដើរលេងកម្សាន្តនាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និង ថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់។ កំណើននៃភ្ញៀវនេះ គឺជាសញ្ញាណល្អនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍។ នេះបើតាមលោក តុប សុភក្រ្ត អ្នកនាំពាក្យក្រសួងទេសចរណ៍កម្ពុជា។
លោក តុប សុភក្រ្ត បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ចំនួនភ្ញៀវទេសចរប្រមាណជាង ៥លាននាក់ក្នុងរយៈពេល៤ថ្ងៃនេះ គឺជាចំនួនមួយដ៏ច្រើនលើសពីការរំពឹងទុក និង ជាចំនួនខ្ពស់ ដែលជាសញ្ញាណល្អនៃការរស់ឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ចាប់តាំងពីរាជរដ្ឋាភិបាលបានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍នាកំឡុងខែធ្នូ ឆ្នាំ២០២១កន្លងមក។
បើតាមលោក តុប សុភក្រ្ត បានឲ្យដឹងថា ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បាននាំឱ្យសណ្ឋាគារ ប៊ូទីក ផ្ទះសំណាក់ និង សេវាស្នាក់នៅផ្សេងៗស្ទើរគ្រប់ខេត្តបើក អាជីវកម្មឡើងវិញ និង ទទួលការកក់ពេញស្ទើរ ១០០%។ សន្ទុះនៃកំណើនភ្ញៀវទេសចរណ៍នេះ បានជួយដល់ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងបានឆ្លុះបង្ហាញថាកម្ពុជាជាប្រទេសដែលមានតំបន់ទេសចរណ៍សុវត្ថិភាព។ លើសនេះកម្ពុជាក៏ជាប្រទេសដែលទទួលបានវ៉ាកសាំងស្រោចស្ទើរពេញប្រទេសផងដែរ។
សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងបានបង្ហាញថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៣ថ្ងៃ និង ថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥.១៧៥.៧៥៤ នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥.១៤០.៤៩៥ នាក់ និង ភ្ញៀវបរទេសផ្ទៃក្នុង ៣៥.២៥៩ នាក់។
ចំពោះការចំណាយរបស់ប្រជាពលរដ្ឋម្នាក់ៗ ក្នុងពេលចូលឆ្នាំ ៣ថ្ងៃ នេះ យោងតាមការសាកសួរ និងស្ទង់មតិបឋម ចំពោះគ្រួរសារមួយ ដែលមានគ្នា ៥នាក់ ហើយធ្វើដំណើរកំសាន្ត ឆ្ងាយពីផ្ទះ ក្នុងពេល៣ថ្ងៃនេះ ពួកគាត់បានចំណាយមិនតិចជាង ៥០០ដុល្លារទេ ( គិតរួមទាំងចំណាយស្នាក់នៅ ហូបចុក ធ្វើដំណើរ(ចាក់សាំង) រួមទាំងការទិញទំនិញផ្សេងៗ រៀបចំ រណ្តាប់ បង្សកូល និងចង្ហាន់ទៅវត្តផង)៕