ភ្នំពេញ៖តារាចម្រៀងអាយ៉ៃដ៏ល្បី លោក ព្រហ្ម ម៉ាញ ត្រូវបានសម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូន លោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។ការផ្តល់គោរមងារនេះ រៀបចំឡើងដោយមានការស្នើសុំពីសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
គួរបញ្ជាក់ថា លោក ព្រហ្ម ម៉ាញ ជាសិល្បករជើងចាស់មានសំឡេងពីរោះ ពូកែទាំងកំប្លុកកំប្លែង ទាំងសំនួនវោហារ និងការសំដែង។ថ្មីៗនេះលោកបានជួបនឹងបញ្ហាជំងឺលើសឈាមស្ទើរតែបាត់បង់ជីវិត។តែបច្ចុប្បន្ននេះ លោកបានធូរស្រាលពីជំងឺលើសឈាមបន្តិចហើយ ក្រោយចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ទោះជាយ៉ាងណា លោកថា ពេទ្យនៅតាមដានអាការសុខភាពរបស់លោកជាប្រចាំ។