កណ្តាល៖ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (#ARDB) តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី ៧ មេសានេះ បានអញ្ជើញចូលរួមបើកការប្រកួតកីឡាដណ្តើមពានរង្វាន់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រចាំស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ថ្លែងក្នុងពិធីបើកការប្រកួត ឯកឧត្តម បានណែនាំដល់យុវជនត្រូវនាំគ្នាគោរពវិន័យ និង រក្សាសេចក្តីថ្លៃថ្នូរក្នុងនាមជាកីឡាករល្អមួយរូប និងត្រូវចេះលេងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងចេះសាមគ្គីគ្នាក្នុងក្រុម ដើម្បីទទួលបានជ័យជម្នះ ត្រូវនាំគ្នាលេងជាប្រចាំដើម្បីរក្សាសុខភាព និង ជៀសវាងការប្រើប្រាស់គ្រឿងញៀន។
បើតាមឯកឧត្ត កៅ ថាច ក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន កម្ពុជាបាននិងកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ខាងមុខ។ដូច្នេះនេះជាឱកាសសម្រាប់យុវជនមានឆន្ទះចង់ក្លាយជាជំរើសជាតិគួរបន្តរក្សាការអភិវឌ្ឍខ្លួន និង ហ្វឹកហាត់ជាប្រចាំដើម្បីមានឱកាសបញ្ចេញសមត្ថភាព។
ជាមួយគ្នានោះ ឯកឧត្ត កៅ ថាច បានស្នើសុំទៅកាន់អាជ្ញាកណ្តាល អ្នករៀបចំកម្មវិធីប្រកួត ឱ្យធ្វើការពិនិត្យ និងជ្រើសរើសយុវជនដែលឆ្នើម លេងបានល្អក្នុងចំណោម២០ក្រុមដែលមានវត្តមាន ដើម្បីធ្វើការបង្កើតក្រុមថ្មីតំណាងឱ្យស្រុកខ្សាច់កណ្តាលទាំងមូល។ ឯកឧត្តមបណ្ឌិតនឹងស្នើសុំការរៀបចំការប្រកួតថ្មីមួយទៀតរវាងយុវជនស្រុកខ្សាច់កណ្តាល យុវជនស្រុកកៀនស្វាយ និងស្រុកល្វាឯម ដើម្បីដណ្តើមពានរង្វាន់ នៅពេលខាងមុខ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតដណ្តើមពានរង្វាន់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ មានចំនួន ២០ក្រុមចូលរួម។ ដោយធ្វើការបែងចែកជាបួនពូល។ ការប្រកួតផ្តាច់ព្រាត់នឹងធ្វើនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ៕