
ភ្នំពេញ៖ កម្ពុជាសម្រេចការនាំចេញអង្ករបានចំនួនជាង ១៧ ម៉ឺនតោន សម្រាប់ត្រីមាសទី១ នៃឆ្នាំ២០២២ កើនឡើងជាង២ម៉ឺនតោន បើធៀបននឹងរយៈពេលដូចគ្នានៅក្នុងឆ្នាំ២០២១។នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
យោងតាមរបាយការណ៍ ត្រីមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករបានចំនួនជាង ១៧ ម៉ឺនតោន និងស្រូវចំនួន ១.៣ លានតោន ដែលគិតជាទឹកប្រាក់សរុបរួមមានចំនួន ៤១៣ លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជាបាននាំចេញអង្ករទៅកាន់ ៤៩ ប្រទេសនិងតំបន់ស្វយ័ត ដែលមានបរិមាណសរុបចំនួន ១៧០ ៥៣៩ តោន ដែលគិតជាទឹកប្រាក់ចំនួន ១០០.៤៧ លានដុល្លារអាមេរិក។
របាយការណ៍បញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន និងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ចំនួន ៥២% ឬស្មើនឹង ៨៨ ៦៤៦ តោន គិតជាទឹកប្រាក់ចំនួន ៤៥.១៩ លានដុល្លារអាមេរិច, បណ្តាប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ៣១% ឬស្មើនឹង ៥២ ២២២ តោន គិតជាទឹកប្រាក់ចំនួន ៣៥.៩៥លានដុល្លារអាមេរិក, ប្រទេសដែលជារដ្ឋសមាជិកអាស៊ានចំនួន ១០% ឬស្មើនឹង ១៧ ៣១០ តោន គិតជាទឹកប្រាក់ចំនួន ១០.៦៤លានដុល្លារអាមេរិក, និងបណ្តាគោលដៅផ្សេងៗ ចំនួន ៧% ឬស្មើនឹង ១២ ៣៦១ តោន គិតជាទឹកប្រាក់ចំនួន ៨.៦៧ លានដុល្លារអាមេរិក ដែលក្នុងនោះទៅបណ្តាប្រទេសនៅក្នុងទ្វីអាហ្រ្វិច ៣% ឬស្មើនឹង ៤ ៧៩៧ តោន តំបន់អូសេអានី រួមមានអូស្ត្រាលី និងញូហ្សេឡែន ២ ៤៦៥ តោន និងតំបន់ប្រទេសនៅក្នុងតំបន់អាស៊ីអឺរ៉ុប រួមមានតួគី រុស្សី និងអ៊ុយក្រែន ១ ២៥៥ តោន ។ល។
សម្រាប់ការនាំចេញស្រូវទៅប្រទេសវៀតណាមមានចំនួន ១ ៣៩០ ១៨១ តោន ដែលគិតជាទឹកប្រាក់ប៉ានប្រមាណចំនួន៣១៣ ដុល្លារអាមេរិក មានការកើនឡើងចំនួន ១៣.៦០%។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៣ខែ នៃត្រីមាសទីមួយ ដើមឆ្នាំ២០២១ កម្ពុជាសម្រេចការនាំចេញអង្ករបាន ១៥៣ ៦៨៨ តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក៕