សៀមរាប៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី ៤ មេសានេះ បានប្រកាសជាសាធារណជូនដល់ក្រុមអ្នកវិនិយោគនានាពាក់ព័ន្ធក្នុងការអភិវឌ្ឍវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាប។ក្នុងការប្រកាសនោះ សម្តេច បានក្រើនរំលឹកដល់ក្រុមអ្នកវិនិយោគមិនអាចយកតំបន់សៀមរាបប្រៀបធៀបទៅនឹងទីផ្សារអចលនទ្រព្យដូចខេត្តដ៏ទៃទេ។
ថ្លែងក្នុងពិធីអញ្ជើញសម្ពោធហេដ្ឋារចនាសម័្ពនផ្លូវចំនួន៣៨ខ្សែ និង សមិទ្ធិផលនៃការស្តារនិងកែរលម្អដងស្ទឹងសៀមរាប សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឱ្យមានការវិនិយោគបំពានដល់មរតកដូនតាខ្មែរក្នុងខេត្តសៀមរាបនោះទេ ហើយស្នើដល់ប្រទេសជាមិត្តកុំមានការព្រួយបារម្ភ។
សម្តេច ហ៊ុន សែន បានលើកឡើងនូវពាក្យមួយថា "យើងមិនអាចសម្លាប់មេមាន់ ដើម្បីឆ្ងាញ់មួយពេលនោះទេ យើងត្រូវចិញ្ចឹមថែរក្សាមេមាន់ឱ្យបានល្អដើម្បីទទួលពងរបស់វាឱ្យបានច្រើន"។សម្តេចថា កម្ពុជាមិនអាចទុកឱ្យសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គវត្តរងនៅផលប៉ះពាល់ណាមួយដែលបាត់បង់លក្ខណៈជាបេតិកភណ្ឌពិភពលោកនោះទេ។
គួរបញ្ជាក់ថា គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោកទាំងអស់ចំនួន ៧ហើយ ដែលក្នុងនោះចែកជាសម្បត្តិវប្បធម៌រូបី ៣ និងសម្បត្តិវប្បធម៌អរូបី៤។ តំបន់អង្គរវត្ត ក្នុងខេត្តសៀមរាបជាសម្បត្តិវប្បធម៌រូបី ដែលចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២៕