
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍បណ្តុះបណ្តាលគ្រូបង្គោលនិងអ្នកជំនាញ១៧០រូប បន្ថែមលើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នៅខេត្តសៀមរាប ក្នុងនោះ វគ្គគ្រូបង្គោលហូកាចំនួន ២៤រូប ការបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈចំនួន ៣០រូប និង ការបណ្តុះបណ្តាលបន្តក្នុងទម្រង់ In-House Training ចំនួន ១១៦រូប (ស្រីចំនួន ៦៧រូប)។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ពិធីបិទ«វគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ» ធ្វើឡើងនៅភោជនីយដ្ឋាន The Spoon Cafe ខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលខាងលើបានប្រព្រឹត្តទៅតាមរយៈកិច្ចសហប្រតិបត្តិការរវាងគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានសិក្ខាកាមជាអ្នកផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ បុគ្គលិក្នុងវិស័យភោជនីយដ្ឋាន មន្ត្រីមន្ទីរទេសចរណ៍ និងតំណាងសមាគមន៍ឧស្សាហកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ៕
