
អាល្លឺម៉ង់៖ ក្រសួងកិច្ចការសេដ្ឋកិច្ច និងសកម្មភាពអាកាសធាតុរបស់ប្រទេសអាល្លឺម៉ង់ (BMWK) កាលពីថ្ងៃពុធបានប្រកាសថា នឹងចាប់ផ្តើមកម្រិតនៃការព្រមានជាមុននៃផែនការសង្រ្គោះថាមពលរបស់ខ្លួនដើម្បីធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងករណីដែលរុស្ស៊ីកាត់ផ្តាច់ការផ្គត់ផ្គង់។
រដ្ឋមន្ត្រីនៃ BMWK លោក Robert Habeck ដែលជាអនុប្រធានអធិការបតីរបស់ប្រទេសអាឡឺម៉ង់បាននិយាយថា ប្រទេសអាល្លឺម៉ង់ត្រូវតែចាត់វិធានការប្រុងប្រយ័ត្នប្រឆាំងនឹងការទាមទាររបស់រុស្ស៊ីដែលថាខ្លួននឹងទទួលយកតែការទូទាត់សម្រាប់ការនាំចូលឧស្ម័នគិតជាប្រាក់រូប្លឹសពី "ប្រទេសដែលមិនរួសរាយរាក់ទាក់" ។
លោក Habeck ក៏បាននិយាយថា ក្រុមវិបត្តិមួយត្រូវបានធ្វើឱ្យសកម្មដើម្បីវិភាគ និងវាយតម្លៃស្ថានភាពផ្គត់ផ្គង់ ដូច្នេះអាចចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនសុវត្ថិភាពផ្គត់ផ្គង់ ប្រសិនបើចាំបាច់។ លោក បន្តថា ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិក្នុងប្រទេសអាឡឺម៉ង់បច្ចុប្បន្នត្រូវបានធានា ប៉ុន្តែលោកនៅតែជំរុញឱ្យអ្នកប្រើប្រាស់ឧស្ម័នទាំងអស់សន្សំសំចៃឧស្ម័នធម្មជាតិតាមដែលអាចធ្វើទៅបាន។
យោងតាមលោក Habeck ការព្រមានជាមុនគឺជាជំហានដំបូងនៃផែនការសង្គ្រោះបន្ទាន់បីដំណាក់កាល។ នៅដំណាក់កាលនេះ គឺផ្តោតសំខាន់លើការតាមដានស្ថានភាព មានន័យថា អាចមានសញ្ញានៃការរំខានការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ប៉ុន្តែមិនទាន់តម្រូវឱ្យមានការអន្តរាគមន៍ពីរដ្ឋនៅឡើយ។
នៅដំណាក់កាលទីបី ការខ្វះខាតថាមពលមិនអាចដោះស្រាយបានតាមរយៈមធ្យោបាយទីផ្សារ ហើយរដ្ឋាភិបាលត្រូវតែធ្វើអន្តរាគមន៍។ នៅពេលដែលប្រទេសអាល្លឺម៉ង់ប្រឈមមុខនឹងការខ្វះខាតឧស្ម័នធម្មជាតិធ្ងន់ធ្ងរ ការប្រើប្រាស់ឧស្ម័នក្នុងគ្រួសារនឹងផ្តល់អាទិភាពលើការប្រើប្រាស់ឧស្ម័នឧស្សាហកម្ម។
កាលពីសប្តាហ៍មុន រុស្ស៊ីបានប្រកាសថា ខ្លួននឹងទទួលយកតែការបង់ប្រាក់សម្រាប់ការនាំចូលឧស្ម័នគិតជាប្រាក់រូប្លឹសពី “បណ្តាប្រទេសដែលមិនរួសរាយរាក់ទាក់” ចាប់ពីខែមេសាតទៅ។ តែទោះជាយ៉ាងណាអាល្លឺម៉ង់បានបដិសេធការទាមទារនេះ។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ីបានទទូចទាមទាររបស់ខ្លួនកាលពីថ្ងៃពុធ ដោយនិយាយថា រុស្ស៊ីនឹងមិនផ្តល់ឧស្ម័នធម្មជាតិដោយឥតគិតថ្លៃនោះទេ ហើយទទួលយកតែការទូទាត់ជាប្រាក់រូប្លឹស៕