ភ្នំពេញ៖ការបូមប្រេងរបស់ក្រុមហ៊ុន KrisEnergy នៅអណ្ដូងក្នុងប្លុក A នៃដែនសមុទ្រកម្ពុជា ត្រូវផ្អាកជាបណ្ដោះអាសន្ន ក្រោយពេលក្រុមហ៊ុនមេ បានប្រកាសក្ស័យធន។បបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងរង់ចាំអ្នកវិនិយោគថ្មីមកវិនិយោគលើគម្រោង «បូមប្រេង» ដើម្បីដំណើរឡើងវិញ។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បច្ចុប្បន្ននេះ គម្រោង«បូមប្រេង»ក្នុងដែនសមុទ្រប្រទេសកម្ពុជា បានផ្អាកដំណើរហើយដោយសារក្រុមហ៊ុន Kris Energy បានប្រកាសក្ស័យធន។រដ្ឋាភិបាលកម្ពុជាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy រួចហើយ និង ពុំទាន់រកអ្នកវិនិយោគបន្តបាននៅឡើយ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា បានអះអាងថា ការជីករកប្រេងនៅក្នុងសមុទ្រកម្ពុជា បានក្លាយជាបញ្ហាដោយសារជីកអត់ទទួលបានផល ហើយថែមទាំងត្រូវគេលួចទៅទៀត។តែសម្តេចរំពឹងទទួលបានចំណូលពីដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តមណ្ឌលគិរី រយៈពេលជាង៩ខែមកនេះ ផលិតបានមាសចំនួន២.២៧៥គីឡូក្រាម។
គួរបញ្ជាក់ថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជា បានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃ ឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០។តែក្រោយមកប្រេងឆៅដែលបូមបានជិត៣០ម៉ឺនបារ៉ែល ត្រូវបានគេលួច។ តែក្រោយពីកម្ពុជាបានដាក់សំណើទាមទារប្រេងមកវិញ ម្ចាស់នាវាបានបដិសេធដោយលើកឡើងថា ក្រុមហ៊ុន KrisEnergy បានជំពាក់លុយខ្លួន។
ក្រុមហ៊ុន KrisEnergy ជាក្រុមហ៊ុនប្រតិបត្តិករបូមយកប្រេងចេញពីទឹកដីកម្ពុជា បានដាក់ពាក្យសុំបិទដំណើរការក្រុមហ៊ុន ដោយសារបំណុលរបស់ក្រុមហ៊ុនមានច្រើន កាលពីថ្ងៃទី ៤ មិថុនានេះ។ក្រុមហ៊ុន KrisEnergy មានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី បានដាក់ពាក្យទៅកាន់តុលាការនៃកោះ Cayman នៃប្រទេសអង់គ្លេស ដើម្បីស្នើសុំបិទដំណើរការក្រុមហ៊ុនដោយសារបំណុលរបស់ក្រុមហ៊ុន គឺច្រើនលើសពីតម្លៃនៃទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នាំឱ្យក្រុមហ៊ុនមិនអាចស្នើម្ចាស់បំណុលបន្ធូរបន្ធយការបង់បាន ដូច្នេះក្រុមហ៊ុនគ្មានជម្រើសអ្វីក្រៅពីបិទក្រុមហ៊ុន។
ទាក់ទងការលូចប្រេងពីកម្ពុជា ការងារនេះដោះស្រាយមិនទាន់ចប់នៅឡើយទេ។ បច្ចុប្បន្តមេធាវីកម្ពុជាកំពុងពិភាក្សាជាមួយតំណាងក្រុមហ៊ុន Kris Energy និងក្រុមហ៊ុនកប៉ាល់ MT Strovolos។នេះបើយោងតាមប្រសាសន៍លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល៕