Cct850x100 1
1800px x h300px kh

នៅខេត្តកំពតរកឃើញអ្នកវិជ្ជមានកូវីដ-១៩ចំនួន ០៤នាក់បន្ថែមទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពត៖ សេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពត ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៤នាក់បន្ថែមទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ជាករណីឆ្លងក្នុង«ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» ឆ្នាំ២០២១។ 

រដ្ឋបាលខេត្តកំពត បានរកឃើញវិជ្ជមានចំនួន ០៤នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយស្ត្រី ឯម បូផ្ផា បានផ្ទុកមេរោគកូវីដ-១៩ (COVID-19+) ក្នុងពេលទៅចូលរួមបុណ្យសពប្តីរបស់គាត់ នៅភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច មានឈ្មោះរួមមាន៖ 

១. ស្រ្តីឈ្មោះ តាន់ ងូវ អាយុ ៦២ឆ្នាំ មុខរបរកសិករ ទីលំនៅសព្វថ្ងៃ ភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ហើយបច្ចុប្បន្នត្រូវបានដាក់ឲ្យសំរាកព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។ ចំពោះប្រវត្តិនៃអ្នកជំងឺស្រ្តីឈ្មោះ តាន់ ងូវ កាលពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ បានចូលរួមពិធីបុណ្យសពនៅផ្ទះប្អូនស្រី ឈ្មោះ ឯម បូផ្ផា រួចបានចូលទៅអង្គុយលេងផ្ទះ យាយ សូត្រ នៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច។ ហើយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ និងអាជ្ញាធរបានអប់រំឲ្យគាត់ធ្វើចត្តាឡីស័កនៅផ្ទះរហូត ដល់មានការជូនដំណឹងពេលក្រោយ។ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ លទ្ធផលរបស់កូនប្រុសឈ្មោះ ហាន់ វណ្នី និងកូនស្រីឈ្មោះ ឡុង ជៀន មានវិជ្ជមានកូវីដ-១៩ ។ បន្ទាប់មកក្រុមគ្រូពេទ្យ បានយកសំណាកគាត់ ដោយធ្វើតេស្តរហ័សឃើញវិជ្ជមានក៏ បានបញ្ជូនគាត់មកសំរាកនៅមន្ទីរពេទ្យកំពង់ត្រាច និងយកសំណាក (PCR Test) ទៅពិនិត្យនៅភ្នំពេញ។ រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទីព្រឹក បានទទួលព័ត៌មានពីក្រសួងថាលទ្ធផលសំណាក (PCR test) វិជ្ជមានកូវីដ-១៩ (Covd-19+) ។

២. កុមារី អ៊ុង កន្និកា អាយុ ៤ឆ្នាំ ៣. កុមារា ឌុង សុវណ្ណចិត្រា អាយុ ២ឆ្នាំ និង៤. កុមារា ឌុង វាតឆារ៉ាកន អាយុ ៥ខែ បាននៅផ្ទះជាមួយឪពុកម្តាយ និងជីដូន ភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច (ជាករណីឆ្លងពីឪពុកម្តាយ និងយាយ)។ កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ បានយកសំណាកគាត់ ដោយធ្វើតេស្តរហ័សវិជ្ជមាន ក៏បានបញ្ជូនគាត់មកសំរាកនៅមន្ទីរពេទ្យកំពង់ត្រាច និងយកសំណាក (PCR Test) ទៅពិនិត្យនៅភ្នំពេញ។ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១២ និង៣០នាទីព្រឹក បានទទួលព័ត៌មានពីក្រសួងថាលទ្ធផល សំណាក (PCR test) វិជ្ជមានកូវីដ-១៩ ។

សម្រាប់ចំពោះប៉ះពាល់ផ្ទាល់មានចំនួន ០៥នាក់ រួមមាន៖ កូន-កូនប្រសារ និងចៅ ដែលនៅជាមួយបានធ្វើការអប់រំឲ្យធ្វើចត្តាឡឺស័ក និងយកសំណាកតេស្តរកកូវីដ។ ដោយឡែក អ្នកប៉ះពាល់ដោយប្រយោលមានចំនួន ១២នាក់ ដែលបានធ្វើតេស្តរហ័ស ដោយទទួលលទ្ធផលអវិជ្ជមានទាំងអស់ និងបានអប់រំឲ្យធ្វើចត្តាឡីស័ក នៅផ្ទះរៀងខ្លួន ដោយអនុវត្ត ៣កុំ ៣ការពារ។

ជាមួយគ្នានេះ បច្ចុប្បន្នក្រុមឆ្លើយតបបន្ទាន់បាន និងកំពុងស្រាវជ្រាវរកទីតាំង និងកំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធក្នុង ករណីនេះ ជាបន្តទៀត។ ក្រុមគ្រូពេទ្យ បានសហការជាមួយអាជ្ញាធរស្រុក អាជ្ញាធរឃុំ ចុះបិទអាជីវកម្មលក់ដូរ តាមផ្ទះក្នុងភូមិដើមចារ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងអប់រំឲ្យប្រជាជនក្នុងភូមិទាំងអស់ធ្វើចត្តាឡីស័ក និងតាមដានសុខភាព រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងន័យនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ រដ្ឋបាលខេត្តកំពត សូមធ្វើការអំពាវនាវបងប្អូនប្រជាពលរដ្ឋ ពិសេសអ្នកដែលបានជួបប្រាស្រ័យទាក់ទងប៉ះពាល់ ដោយផ្ទាល់ និងប្រយោលជាមួយបុគ្គលខាងលើ សូមធ្វើការទាក់ទងយកសំណាកនៅគ្រប់មន្ទីរពេទ្យក្នុងខេត្តកំពត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះករណីបងប្អូនប្រជាពលរដ្ឋមានរោគសញ្ញាផ្តាសាយ ក្អក ហៀរសំបោរ ឈឺ បំពង់ក ថប់ដង្ហើម ឫ រោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាព នៅតាមមន្ទីរពេទ្យ និងមណ្ឌល សុខ ភាព ដែលនៅជិតបងប្អូនស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬ ទាក់ទងតាមទូរស័ព្ទលេខ ០១២ ៨២៤ ៥៦៤ ,  ០១២ ៨២២ ១៧៩ និង ០៧៨ ២៤៨ ៩៩៨។

រដ្ឋបាលខេត្តកំពត សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ និងសូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ការពារ ។ ដោយឡែកចំពោះអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានកូវីដ-១៩ ខាងលើ ត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងវិធានការការពាររបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីក្រុមគ្រួសារ និងសហគមន៍យើងជៀសផុតពីជំងឺកូវីដ៕ 


Khcct banner

អត្ថបទទាក់ទង