Yearendyearend1140x150

បុគ្គលិកកាស៊ីណូដឹសេនជូរី៖ពួកគេទទួលបានការមើលថែឡើងវិញ ក្រោយប្រកាសសុំការអន្តរាគមន៍

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពបុគ្គលិក ដែលសម្រាកព្យាបាលជំងឺកូវីដ នៅកាស៊ីណូដឺសេនជូរី។

ភ្នំពេញ៖ បុគ្គលិកកាស៊ីណូ ដឹសេនជូរី ដែលវិជ្ជមានកូវីដ១៩ ចំនួន៤៣៧នាក់ ទទួលបានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យឡើងវិញហើយ ក្រោយពីពួកគេផ្សព្វផ្សាយប្រកាសស្វែងរកការអន្តរាគមន៍ ដោយបច្ចុប្បន្នមានគ្រូពេទ្យប្រចាំការពេលថ្ងៃ មានថ្នាំសង្កូវ និងការហូបចុកមួយថ្ងៃ៣ពេល។

បុគ្គលិកម្នាក់សុំមិនបញ្ចេញឈ្មោះអះអាងថា ជាបុគ្គលិកធ្វើការនៅកាស៊ីណូ ដឹសេនជូរី បានប្រាប់ស៊ីស៊ីថាមស៍ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង៦ល្ងាចមក អ្នកជំងឺដែលសម្រាកព្យាបាលនៅកាស៊ីណូខាងលើ មានពេទ្យមកមើលថែប្រចាំការតែពេលថ្ងៃ និងទទួលបានថ្នាំសង្កូវ ការហូបចុកគ្រប់គ្រាន់។

បើតាមប្រភពដដែល កាលពីមិនទាន់មានអន្តរាគមន៍ពីខាងអាជ្ញាធររបស់ខេត្តព្រះសីហនុ ខាងម្ចាស់កាស៊ីណូ ពិតជាបានឱ្យបុគ្គលិកធ្វើការទាំងឈឺពិតមែន តែវាជាគោលការណ៍ស្មគ្រចិត្តប៉ុណ្ណោះ រវាងម្ចាស់ក្រុមហ៊ុន និងបុគ្គលិក ដោយទទួលបានលុយគុណនឹងពីរនៃប្រាក់កម្រៃប្រចាំថ្ងៃ។ តែចាប់តាំងពីថ្ងៃ៣០ កញ្ញា ម៉ោង៦ល្ងាចមក មិនមានបុគ្គលិកណាធ្វើការទៀតទេ ហើយក៏មិនមានការបង្ខិតបង្ខំអ្វីដែរ។

ប្រភពបន្តថា បច្ចុប្បន្ន បុគ្គលិកទាំង៤៣៧នាក់ សុទ្ធសឹងតែជាអ្នកវិជ្ជមានកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅកាស៊ីណូដឹសេនជូរី ដែលត្រូវបានគេដឹងថា រកស៊ីបើកល្បែងអនឡាញ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ៣០ កញ្ញា បុគ្គលិកម្នាក់ បានផ្ញើសារមកកាន់ស៊ីស៊ីថាមស៍ ដោយបានអះអាងថា បុគ្គលិកម្នាក់បានស្លាប់ និងជាង៤០០នាក់ផ្សេងទៀតត្រូវបានបង្ខាំងឱ្យធ្វើការងារទាំងមានជំងឺកូវីដ-១៩ ដោយគ្មានការយកចិត្តទុកដាក់ពីថៅកែ និងអាជ្ញាធរពាក់ព័ន្ធឡើយ។កាស៊ីណូ ដឹសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ជាកាស៊ីណូលេងល្បែងស៊ីសងតាមអនឡាញ បុគ្គលិកស្ទើរទាំងអស់បានឆ្លងជំងឺកូវីដ-១៩។

តែយ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតបំភ្លឺមួយ ថាអ្នកជំងឺកូវីដ ដែលកំពុងសម្រាកព្យាបាលនៅកាស៊ីណូ ដឹសេនជូរី បានទទួលការព្យាបាលដិតដល់ពីសំណាក់គ្រូពេទ្យ។ការអះអាងនេះ បន្ទាប់ពីមានអ្នកជំងឺមួយចំនួនបាន ចោទប្រកាន់មកលើអាជ្ញាធរខុសពីការពិត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កាស៊ីណូ កូវីដ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង