Cct850x100 1
1800px x h300px kh

ទឹកធ្លាក់ឱម៉ាល់ ជាទីកន្លែងកម្សាន្តផ្សារភ្ជាប់នឹងធម្មជាតិមិនគួររំលង

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
ទិដ្ខភាពចម្រុះនៃសម្រស់ទឹកធ្លាក់ឱម៉ាល់ក្នុងខេត្តកំពត។
រូបភាព៖ ស្រីពេជ្រ

កំពត៖ អ្នកទេសចរភាគច្រើនមិនសូវជាចាប់អារម្មណ៍ និងស្គាល់ទឹកធ្លាក់ឱម៉ាល់ប៉ុន្មានទេ ដោយសារតែទីកន្លែងនេះបង្កប់ខ្លួននៅជ្រលងភ្នំ ត្រូវធ្វើដំណើរដោយម៉ូតូ និងថ្មើរជើងបន្ថែមទម្រាំដល់ទីតាំង។ទឹកធ្លាក់នេះ ជាទីឋានឱសថសម្រាប់អ្នកទេសចរគ្រប់រូបមកលេងកម្សាន្តស្រូបយកខ្យល់ឱកាសបរិសុទ្ធ និងស្វែងយល់ពីការរស់នៅរបស់អ្នកចំការដែលរស់នៅលើភ្នំ។

ទឹកធ្លាក់ឱម៉ាល់ ស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត យើងគ្រាន់តែធ្វើដំណើរទៅតាមផ្លូវចូលរមនីយដ្ឋានទឹកឈូ ហើយបត់ឆ្វេងទៅតាមផ្លូវលំតូចមួយទល់មុខក្លោងទ្វារវត្តស្នំប្រាំពីរ រួចបន្តដំណើរដោយម៉ូតូតាមផ្លូវបេតុងតូចមួយតាមជម្រាលភ្នំប្រមាណ៧គីឡូម៉ែត្រ ប៉ុន្តែដល់ផ្លូវដែលចោទខ្លាំងអ្នកដំណើរគួរតែដើរចំងាយប្រហែល៤គីឡូម៉ែត្រទៀតដើម្បីងាយស្រួល និងធានាសុវត្ថិភាពត្បិតថាផ្លូវទីនោះកាច់កុងច្រើន និងចោទខ្លាំង។

ស្ថិតក្នុងខែវស្សាទឹកធ្លាក់ឪម៉ាល់នេះ មានទឹកធ្លាក់ច្រើនគួរឱ្យមកលេង ចំណែកនៅតាមផ្លូវចាប់តាំងពីដើមទីរហូតដល់ទឹកធ្លាក់គឺមានសភាពខៀវខ្ចី ព្រោះថាជាតំបន់ភ្នំដោយលោកអ្នកអាចមើលឃើញទេសភាពពីលើភ្នំត្រជាក់ភ្នែកតែម្ដង ពិសេសនៅតាមផ្លូវលោកអ្នកនិងស្លុងអារម្មណ៍ជាមួយសម្រស់ធម្មជាតិសម្លេងទឹកធ្លាក់ និងសត្វយំ ដែលបង្កើតជាទស្សនីយភាពមួយប្លែកភ្នែក។

នៅតាមផ្លូវអ្នកដំណើរអាចផ្ដិតយករូបភាពស្អាតៗ ជាមួយអារម្មណ៍ស្រស់ថ្លា ពិសេសគឺជួបអ្នកចំការដែលពួកគាត់មានភាពរួសរាយរាក់ទាក់ និងស្វាគមន៍ ចេះយល់ទុក្ខធុរៈ។ ភាគច្រើនពួកគាត់អាស្រ័យផលដំណាំនានានៅលើភ្នំ និងដំណាំជាច្រើនមុខដូចជា ចេក ធុរេន ក្រូចថ្លុង និងដំណាំហូបផ្លែនានាទៅតាមការនិយម និងអំណោយផលពីធម្មជាតិ។

ទន្ទឹមនឹងនេះ តំបន់នេះអំណោយផលខ្លាំងដល់់ដំណាំចេកពងមាន់ ដូច្នេះនៅតាមផ្លូវលោកអ្នកនឹងឃើញចំការចេកជាច្រើនដែលដាំដុះដោយអ្នកភូមិនៅទីនេះ។ បើនិយាយពីរសជាតិចេកពងមាន់នៅទីនោះគឺឆ្ងុយឆ្ងាញ់ប្លែកខុសពីគេ និងមានតម្លៃសមរម្យទៀតផង។

បើតាមការសាកសួរពីពលរដ្ឋដែលរស់នៅទីនោះ បានឱ្យដឹងថា ពួកគាត់បានអាស្រ័យផលនៅទីនេះដោយប្រកបរបរជាអ្នកចំការ ហើយរស់នៅតាមបែបអ្នកចំការ និងថែរក្សាទឹកធ្លាក់នេះក៏ដូចជាកសាងផ្លូវសម្រាប់ធ្វើដំណើរឡើងភ្នំនេះដោយសហការគ្នាតាមលទ្ធភាព ដើម្បីបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនផលដំណាំ និងសម្រាប់ភ្ញៀវទេសចរមកលេងកម្សាន្តផងដែរ។

ដោយសារតែកត្តាអំណោយផលពីធម្មជាតិ ទើបធ្វើឱ្យទឹកធ្លាក់នេះកាន់តែមានភាពលេចធ្លោ និងអស្ចារ្យគួរឱ្យចង់មកលេងកម្សាន្ត ដូច្នេះសម្រាប់អ្នកដែលមិនទាន់មកលេងទីនេះគួរសាកល្បងដើម្បីស្វែងយល់ពីធម្មជាតិ និងយល់ដឹងពីការរស់នៅរបស់ប្រជាជននៅលើភ្នំ។ ពិសេសគឺដើម្បីលើកកម្ពស់ទេសចរណ៍ក្នុងស្រុក និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍នៅកម្ពុជាឱ្យកាន់តែសុះសាយ៕


Khcct banner

អត្ថបទទាក់ទង