Cct850x100 1

ក្រសួងសុខាភិបាលទទួលប្រាក់តម្កល់ពីអ្នកដំណើរបរទេសជាង៩លានដុល្លារ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
លោកជំទាវ យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនៃក្រសួងសុខាភិបាលកម្ពុជា។

ភ្នំពេញ៖ គិតមកត្រឹមថ្ងៃទី៣០ មិថុនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលកម្ពុជា បានទទួលប្រាក់តម្កល់ពីអ្នកដំណើរដែលជាជនជាតិបរទេសចូលមកកម្ពុជាបានជាង៩លានដុល្លារ។ នេះគឺជាតួលេខមួយដែលក្រសួងទទួលបានប្រាក់ពីអ្នកដំណើរប្រមាណ៣ពាន់នាក់ ហើយក្រសួងបានបង្វែរប្រាក់តម្កល់នេះទៅវិញជារៀងរាល់ថ្ងៃបន្ទាប់ពីការពិសោធន៍តេស្តរកកូវីដ១៩បានចប់សព្វគ្រប់។ នេះបើតាមប្រសាសន៍របស់លោកជំទាវ យក់ សម្បត្តិ ថ្លែងក្នុងសន្និសីទស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩។

លោកជំទាវ យក់ សម្បត្តិ អគ្គនាយករដ្ឋបាលហិរញ្ញវត្ថុនៃក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ប្រាក់តម្កល់របស់ដំណើរដែលចូលមកកម្ពុជាត្រូវបែងចែកជាពីរ គឺប្រាក់ធានារ៉ាប់រងសុខភាពនៅពេលដែលអ្នកដំណើរមានកូវីដវិជ្ជមាន ហើយត្រូវព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកថវិកា៣ពាន់ដុល្លារដែលតម្កល់ ប្រើប្រាស់នៅក្នុងការធ្វើតេស្ត ហើយបន្ទាប់មកក្រសួងនឹងបង្វែរថវិកានោះជូនអ្នកដំណើរវិញ។

ឆ្លើយតបនឹងសំណួរជាច្រើនទាក់ទងនឹងការបង្វែរប្រាក់តម្កល់ លោកជំទាវ យក់ សម្បត្តិ បានលើកឡើងថា កាលពីមុនមានរយៈពេលយូរដែលក្រសួងបានបង្វែរប្រាក់ជូនអ្នកដំណើរបន្ទាប់ពីការធ្វើចត្តាឡីស័ក១៤ថ្ងៃ។ ឥឡូវនេះក្រសួងសុខាភិបាល និងក្រុមការងារសម្រេចថា ក្រោយពីអ្នកដំណើរមកដល់កម្ពុជារយៈពេល៥ថ្ងៃ ហើយធ្វើតេស្តស្វែងរកឃើញថាអវិជ្ជមាននៃកូវីដ១៩ ក្រសួងនឹងធ្វើការបង្វែរប្រាក់តម្កល់នោះជូនវិញ។

បើតាមលោកជំទាវបានបន្តថា ចំពោះថ្លៃស្នាក់នៅសណ្ឋាគារ និង មន្ទីរពិសោធន៍នៅអំឡុងពេលនៃការធ្វើតេស្តរកកូវីដ១៩ ត្រូវទូទាត់ជាមួយវិកយបត្រដែលបានចេញ។ រីឯប្រាក់ដែលនៅសល់ខាងធនាគារនឹងបង្វែរទៅឲ្យអ្នកដំណើរក្នុងរយៈពេល៥ថ្ងៃយ៉ាងយូរតាមរយៈធនាគារទាំងបីរួមមាន៖ ធនាគារកាណាឌីយ៉ា ធនាគារអាស៊ីចំកាត់ និងធនាគារអេស៊ីលីដាក្នុងករណីដែលធនាគារអេស៊ីលីដារៀបចំដាក់បញ្ចូលនៅក្នុងប្រលានយន្តហោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែកក្កដាម្សិលមិញនេះ ក្រសួងសុខាភិបាលចាប់ផ្ដើមរឹតបន្តឹង និងយកសំណាកនៅព្រលានយន្តហោះរបស់អ្នកដំណើរចំនួន១៦១២៩នាក់រួមមាន ជនជាតិចិនចំនួន១១៩៣៥នាក់ ខ្មែរ១៦០៤នាក់ អាមេរិក១៤២នាក់ ជប៉ុន៦៥នាក់ កាណាដា១៣នាក់ បារាំង៣៤នាក់ អៀកឡង់៣នាក់ អាឡឺម៉ង់៩នាក់ សិង្ហបូរី១១នាក់ តៃវ៉ាន់៦៦នាក់ ប៊ែលហ្សិក២នាក់ ឆេកូ៥នាក់ ហូឡង់១នាក់ ស្វីស៥នាក់ ឥណ្ឌា៦៣នាក់ អ៊ីស្រាអ៊ែល៦នាក់ អូស្រ្តាលី១៧នាក់ ភីលីពីន៨០នាក់ ម៉ាឡេស៊ី៤៣០នាក់៕

ពាក្យទាក់ទង: ជនបរទេស កូវីដ១៩
Khcct banner

អត្ថបទទាក់ទង