Cct850x100 1
1800px x h300px kh

ពិធីមង្គការនិងពិធីបុណ្យប្រពៃណីនានា តម្រូវឱ្យធ្វើតេស្តរកកូវីដជាមុន

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
រូបភាព៖ internet 

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលមានបំណងចង់រៀបចំពិធីមង្គលការ ឬពិធីបុណ្យប្រពៃណីនានា ត្រូវគោរពតាមប្រតិបត្តិស្តង់ដា(SOP) ដោយតេស្តរកកូវីដជាមុនសិន និងការរក្សារគម្លាត ក្នុងគោលបំណង រក្សាសុវត្ថិភាពពីការឆ្លងជំងឺកូវីដ-១៩ នៅពេលរៀបចំពិធី។

ក្រសួងវប្បធម៌ បានឱ្យដឹងថា ស្របទៅតាមការរស់នៅតាមបែបគន្លងថ្មីនាបរិបទកូវីដ១៩ និងដើម្បីចូលរួមចំណែកដល់ការបើកដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ចំពោះពលរដ្ឋដែលមានបំណងចង់រៀបអាពាហ៍ពិពាហ៍ ឬកម្មវិធីផ្សេងៗ ត្រូវគោរពតាមស្ដង់ដាSOP ដោយត្រូវស្នើសុំការអនុញ្ញាតពីអាជ្ញាធរដែនដី ភ្ជាប់ទៅជាមួយលិខិតធានាអះអាងនូវការអនុវត្តវិធានការការពារការរីករាលដាលឆ្លងវីរុសកូវីដ-១៩ឱ្យបានត្រឹមត្រូវនិងពេញលេញ។

ក្រសួងបានបញ្ជាក់ទៀតថា ចំនួនអ្នកចូលរួមពិធីត្រូវបានកំណត់ចំនួនច្រើនបំផុតត្រឹម ២០០នាក់ ដោយរាប់បញ្ចូលទាំងម្ចាស់ពិធីនិងភ្ញៀវ ហើយចំនួនកំណត់ខាងលើ មិនរាប់បញ្ចូលអ្នកបម្រើសេវានៅក្នុងពិធី ដូចជា ក្រុមចុងភៅ ក្រុមភ្លេង និងអ្នកបម្រើសេវាផ្សេងៗទៀតឡើយ។

ដោយឡែកសម្រាប់ ទីតាំងពិធីត្រូវបើកចំហទ្វារនិងបង្អួច ដើម្បីឱ្យខ្យល់និងពន្លឺចេញចូលបានគ្រប់គ្រាន់ និងគួរចៀសវាងការប្រើប្រាស់ម៉ាស៊ីនត្រជាក់។ ម្ចាស់ពិធីត្រូវបានលើកទឹកចិត្តឱ្យរៀបចំពិធីក្នុងរោងនៅបរិវេណក្រៅគេហដ្ឋាន និងនៅទីតាំងបើចំហទូលាយផ្សេងៗទៀត ដូចជា ហាង ភោជនីយដ្ឋាន មជ្ឈមណ្ឌល ឬទីកន្លែងសមរម្យនានា។ ការសង់រោងពិធីនៅលើចិញ្ចើមផ្លូវ និង/ឬនៅលើទ្រូងផ្លូវ ត្រូវបានហាមឃាត់ដាច់ខាត។

ចំណែកចំណុចសំខាន់មួយទៀតនោះ អ្នកចូលរួមក្នុងពិធីទាំងអស់ ត្រូវបង្ហាញបណ្ណចាក់វ៉ាក់សាំងកូដ-១៩ ឬ ស្កេន QR Code របស់ក្រសួងសុខាភិបាល។ ករណីនេះត្រូវបានលើកលែងចំពោះអ្នកដែលមិនបានចាក់វ៉ាក់សាំងដោយសារបញ្ហាសុខភាព។

ទន្ទឹមនឹងនេះ ការធ្វើតេស្តរហ័សរកវីរុសកូវីដ-១៩ នឹងអនុវត្តចំពោះ ម្ចាស់ផ្តើមពិធី ឪពុកម្តាយ កូនកំលោះ កូនក្រមុំ អ្នកកំដរ អ្នកក្នុង អាចារ្យ អ្នកផ្លូវចៅមហា ចុងភៅ អ្នកបម្រើសេវាម្ហូបអាហារ-ភេសជ្ជៈ អ្នកភ្លេង អ្នកចម្រៀង និងអ្នកដទៃទៀតដែលត្រូវនៅកៀកគ្នា ក្នុងអំឡុងពេលកិច្ចពិធី ត្រូវធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ នៅមុនពេលចាប់ផ្តើម ពិធី។ ម្ចាស់ពិធី ឬអ្នកទទួលសិទ្ធិពីម្ចាស់ពិធី ត្រូវទទួលខុសត្រូវលើការអនុវត្តធ្វើតេស្តរហ័សនេះ។ ចំពោះភ្ញៀវដែលចូលរួមពិធី ត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សរកអង់ទីហ្សែនមេរោគកូវីដ-១៩ ដោយខ្លួនឯង នៅមុនពេលទៅចូលរួមពិធី។

សូមជម្រាបជូនថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់នៅថ្ងៃ១ វិច្ឆិកា ថា រាជរដ្ឋាភិបាលមិនបានហាមឃាត់មិនឱ្យប្រជាពលរដ្ឋរៀបអាពាហ៍ពិពាហ៍នោះទេ គ្រាន់តែមិនឲ្យរៀបចំកម្មវិធីជួបជុំលក្ខណ:ទ្រង់ទ្រាយធំ និងគ្រាន់តែគោរពតាមវិធានសុខាភិបាលតែប៉ុណ្ណោះ ដោយកំណត់អ្នកចូលរួមត្រឹមតែ២០០នាក់ មិនរាប់បញ្ជូលអ្នកបម្រើសេវានានា៕

ពាក្យទាក់ទង: មង្គលការ កូវីដ១៩
Khcct banner

អត្ថបទទាក់ទង