Yearendyearend1140x150

កម្ពុជាវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ប្រភពរូបភាពនិងអត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

ភ្នំពេញ៖ ស្របពេលដែលសកលលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺវីរុសរាតត្បាត កម្ពុជាវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈ ក្រោមក្របខណ្ឌមេគង្គ-ឡានឆាង នេះគឺជាប្រសាសន៍របស់ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃកម្ពុជា តាមរយៈសារលិខិត អបអរសារទរ «ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២» នាថ្ងៃទី២៦ មីនា ២០២២។

នៅក្នុងឱកាស អបអរសារទរ «ទិវាសប្តាហ៍កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងឆ្នាំ២០២២» ឯកឧត្តម ប្រាក់ សុខុន បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងវិបត្តិសុខាភិបាលសកល កម្ពុជាសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ប្រទេសចិន តាមរយៈការបង្កើតសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង និងតួនាទីឈានមុខក្នុងការផ្តល់ឱសថ ការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្ត្រ និងវ៉ាក់សាំងកូវីដ-១៩ រាប់លានដូស មកកាន់បណ្តាប្រទេសមេគង្គ បានទាន់ពេលវេលា ជាពិសេស សម្រាប់កម្ពុជាគឺបានរួមចំណែកដល់ជោគជ័យក្នុងការអនុវត្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ១៩ សម្រេចបានអត្រាចាក់វ៉ាក់សាំងប្រមាណ៩២% និងការបើកប្រទេសឡើងវិញ។ សមិទ្ធផលទាំងនេះគឺជាសក្ខីភាពដ៏រឹងមាំនៃប្រសិទ្ធភាព និងភាពពាក់ព័ន្ធនៃក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។

ទាក់ទងនឹងឆន្ទៈខ្ពស់របស់ប្រទេសចិន ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា ពិភពលោកបានទទួលស្គាល់ជាទូទៅថា ចិនបានដើរតួនាទីយ៉ាងមានសារៈសំខាន់ ក្នុងការជំរុញកំណើន ការស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេស ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ តាមរយៈការផ្តល់វ៉ាក់សាំងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់បណ្តាប្រទេសនានា ជុំវិញពិភពលោក។

ក្នុងឱកាសនៃខួបគម្រប់៦ឆ្នាំនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងដែរថា កិច្ចសហការយ៉ាងជិតស្និទ្ធ និងសាមគ្គីភាពរបស់យើងនៅក្នុងរយៈពេលប្រាំមួយឆ្នាំ កន្លងមក បានអនុញ្ញាតឱ្យកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង រក្សាបានសន្ទុះអភិវឌ្ឍន៍ ជំរុញសេដ្ឋកិច្ចបំពេញបន្ថែម និងពង្រឹងទំនាក់ទំនងរវាងប្រជាជន និងវប្បធម៌ ដែលជាធាតុផ្សំដ៏សំខាន់ ក្នុងការកសាងសហគមន៍មួយ ឱ្យកាន់តែបើកចំហប្រកបដោយបរិយាបន្ន និងចីរភាព និងមានអនាគតរួមគ្នាប្រកបដោយសន្តិភាព និងវិបុលភាព។

តាមរយៈមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង កម្ពុជាទទួលបានអត្ថប្រយោជន៍ពីគម្រោងចំនួន៦៧ ដោយបានគាំទ្រសកម្មភាពកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយក្នុងវិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស ការអប់រំ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់សិទ្ធិអំណាចដល់ស្ត្រី ។ល។

ស្របពេលដែលកម្ពុជាជាប្រធានអាស៊ាននាឆ្នាំនេះ យន្តការកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងកាន់តែរួមចំណែកដល់សមាសភាគអភិវឌ្ឍន៍ដ៏រឹងមាំ សំដៅធានាឱ្យអាស៊ានបន្តទទួលបានភាពរស់រវើក ក្នុងស្មារតីពិតប្រាកដនៃសហគមន៍មួយដែលមានអនាគតរួមគ្នា នេះបើតាមឯកឧត្តម ប្រាក់ សុខុន ដដែល៕ (វិទ្យុមិត្តភាពកម្ពុជា-ចិន)

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង