Cctimesw1140xh150cm copy

កូវីដ-១៩ធ្វើឱ្យប្រជាជនមួយចំនួនចេញរោគសញ្ញា«ជំងឺផ្លូវចិត្ត»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំសភាសុខភាពពិភពលោកលើកទី៧៣ តាមប្រព័ន្ធវីដេអូអនឡាញ។

ភ្នំពេញ៖ ក្នុងអំឡុងពេលមានការរាតត្បាតវីរុសកូវីដ-១៩ ប្រជាជន និងអ្នកផ្តល់សេវាថែទាំសុខភាពចេញរោគសញ្ញាជំងឺផ្លូវចិត្តមួយចំនួន ដូចជាស្រ្តេស ធ្លាក់ទឹកចិត្ត ថប់អារម្មណ៍ និងសំរាន្តមិនលក់ ជាពិសេសអ្នកជំងឺកូវីដ-១៩ និងអ្នកប៉ះពាល់។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំសភាសុខភាពពិភពលោកលើកទី៧៣ តាមប្រព័ន្ធវីដេអូអនឡាញ។

ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានគូសបញ្ជាក់ថា ការប៉ះពាល់លើសុខភាពផ្លូវចិត្តនេះ គឺអាចបណ្តាលមកពីការភ័យខ្លាចជំងឺ ក៏ដូចជាការប៉ះពាល់ជាអវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចគ្រួសារក្នុងអំឡុងពេលនៃការរាតត្បាតនេះ។ លើសពីនេះទៀត ករណីនៃការរើសអើងជាតិសាសន៍ដែលទាក់ទងនឹងជំងឺកូវីដ-១៩ ត្រូវបានគេរាយការណ៍ជាបន្តបន្ទាប់នៅក្នុងប្រទេសមួយចំនួនផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជាបានបន្តថា ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាពផ្លូវចិត្តរបស់ប្រជាជនកម្ពុជា ក្រសួងសុខាភិបាលសំណូមពរឲ្យស្ថាប័នពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ និងចូលរួមជួយសម្រាល ឬកាត់បន្ថយផលប៉ះពាល់ផ្សេងៗដែលលេចចេញពីបទអន្តរាគមន៍ទាំងឡាយសម្រាប់ទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ នៅកម្ពុជា។

ចំណែកបគ្គុលម្នាក់ៗក៏ត្រូវយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន និងសមាជិកគ្រួសារ ដោយឈរលើគោលការណ៍រក្សាអនាម័យ ហូមម្ហូបអាហារដែលមានប្រយោជន៍ដល់សុខភាព និងធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់។ ការចូលរួមជួយគ្នានៅក្នុងសហគមន៍ ឬការចូលរួមអភិវឌ្ឍសង្គម ក៏អាចជាសកម្មភាពមួយដែលមានប្រសិទ្ធភាពក្នុងការលើកកំពស់សុខភាពផ្លូវចិត្តផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម ម៉ម ប៊ុនហេង បានបន្ថែមថាសម្រាប់អ្នកផ្តល់សេវាសុខាភិបាល គ្រឹះស្ថានសុខាភិបាល ត្រូវយកចិត្តរៀបចំឲ្យមានបទអន្តរាគមន៍សេវាសុខភាពផ្លូវចិត្តសម្រាប់អ្នកជំងឺ និងអ្នកផ្តល់សេវាជួរមុខទាំងអស់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង