ភ្នំពេញ៖នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។ ស្ត្រីចុងក្រោយគេដែលបានព្យាបាលជាពីជំងឺកូវីដ១៩ បានសម្តែងពីអារម្មណ៍រំភើបរីករាយគ្មានអ្វីប្រៀបផ្ទឹមនោះឡើយ។
ស្រ្តីរូបនេះ ត្រូវបានក្រុមគ្រូពេទ្យដឹកត្រឡប់ទៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យវិញ និងតម្រូវឱ្យនៅដាច់ដោយឡែក១៤ថ្ងៃទៀត ដើម្បីធ្វើឱ្យប្រាកដថា គាត់ជាដាច់ ហើយមិនចម្លងទៅក្រុមគ្រួសារ។
មុនចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ត្រីរូបនេះ សរសើរមិនដាច់ពីមាត់ចំពោះកិច្ចប្រឹងប្រែង និង ការយកចិត្តទុកដាក់ខ្ពស់របស់គ្រូពេទ្យ ក្នុងការជួយសង្គ្រោះជីវិតរបស់គាត់ និងបានអរគុណរាជរដ្ឋាភិបាលដែល«មើលថែគាត់យ៉ាងល្អបំផុត»។