ភ្នំពេញ៖ សហរដ្ឋអាមេរិកបានផ្ដល់ថវិការប្រមាណ ៣,៥ លានដុល្លារ ជូនរដ្ឋាភិបាលកម្ពុជា រួមទាំងបន្តជួយគាំទ្រ នឹងផ្ដល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បី ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩។នេះបើតាមជំនួបពិភាក្សាការងាររវាងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា កាលពីថ្ងៃម្សិលមិញនេះ។
ក្នុងជំនួបពិភាក្សាការងារ បានឲ្យដឹងថា អាមេរិកមិនត្រឹមតែផ្ដល់ទឹកប្រាក់សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុណ្ណោះទេ លើសពីនេះ អាមេរិកនឹងផ្ដល់ហិរញ្ញប្បទានបន្ថែមទៀត ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បី ទប់ស្កាត់ និងឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩បន្ថែមទៀត។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ នេះ គឺជាខួបទី៧០ នៃចំណងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក, ក្រៅពីគម្រោងអភិវឌ្ឍន៍ អាមេរិកគ្រោងនឹងផ្ដល់ជំនួយបច្ចេកទេស ដល់រដ្ឋាភិបាលកម្ពុជាសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដែលត្រូវការជំនាញបច្ចេកទេសខ្ពស់។
បន្ថែមពីនេះ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឈឹមយ៉ាងមុតមាំថា ក្នុងឆ្នាំ២០២០នេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នឹងផ្ដល់នូវលទ្ធផលប្រកបដោយផ្លែផ្កាកាន់តែធំធេងថែមទៀត៕