ភ្នំពេញ៖ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី១៣ មេសានេះ បានចេញលិខិតអរគុណចំពោះក្រសួងការបរទេសអាមេរិកដែលបានផ្ញើសារជូនពរប្រជាជនកម្ពុជា នៅក្នុងឱកាលប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា ឆ្នាំ២០២០។
ក្នុងលិខិតនោះ ក្រសួងការបរទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះមិត្តភាពជាមួយសហរដ្ឋអាមេរិក និង ជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ នឹងត្រូវបានលើកកម្ពល់ថែមទៀតជាមួយនឹងការប្តេជ្ញាចិត្តរួមគ្នា។
ឆ្លៀតក្នុងឱកាសនោះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានជូនពរដល់សហរដ្ឋអាមេរិកឆាប់ទទួលបានភាពជោគជ័យក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ផងដែរ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកMike Pompeo បានផ្ញើសារជូនពរដល់ប្រជាជនខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរតាមរយៈបណ្តាញសង្គមធ្វីតធ័រនៅថ្ងៃទី១០ ខែមេសានេះ។
នៅក្នុងសារនោះ លោក Mike Pompeo បានសរសេរថា «សូមផ្ញើសារជូនពរនូវបំណងប្រាថ្នាដ៏ល្អបំផុត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនេះ ឲ្យជួបនូវសំណាងល្អដល់ប្រជាជនកម្ពុជាទាំងអស់។ តាមរយៈការប្តេជ្ញាចិត្តរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកលដែលបានជះឥទ្ធិពលដល់យើងទាំងអស់គ្នា ហើយទន្ទឹងរងចាំរក្សាមិត្តភាពរបស់យើងនៅឆ្នាំខាងមុខ។»