Cctimesw1140xh150cm copy

អ្នកជំនាញមិនរំពឹងពីភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាមេរិកក្នុងរដ្ឋកាលJoe Biden

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោក Joe Biden ប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក

ភ្នំពេញ៖ ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden បានស្បថចូលកាន់តំណែងនិងបំពេញតួនាទីរបស់លោកជាប្រធានាធិបតីទី ៤៦ របស់សហរដ្ឋអាមេរិក។សម្រាប់វត្តមានរបស់លោក Joe Biden ក្នុងនាមជាប្រធានាធិបតីទី ៤៦ អ្នកជំនាញមិនរំពឹងពីភាពវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-អាមេរិកនោះឡើយ។

លោកបណ្ឌិត មាស នី អ្នកតាមដានស្ថានការណ៍សង្គមកម្ពុជាបានលើកឡើងថា កម្ពុជាកំពុងស្ថិតក្នុងបញ្ហាពីរ គឺការចោទប្រកាន់គ្នាផ្នែកភូមិសាស្រ្តនយោបាយពីអាមេរិកដែលមានការចោទគ្នាថាផ្ដល់ឱកាសឱ្យកងទ័ពចិននៅក្នុងប្រទេសកម្ពុជា។លោកថា ការចោទប្រកាន់នេះកម្ពុជាអាចនឹងរកឥទ្ធិពលខ្លះៗអាចស្រាល ឬធ្ងន់ទៅតាមការជាក់ស្ដែង។

លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖«រឿងដែលធំគឺដោយសារតែ វិបត្តិភូមិសាស្រ្តនយោបាយនៅកម្ពុជា វានឹងអាចធ្វើឱ្យនយោបាយនៅកម្ពុជានៅតែស្ថិតក្នុងខ្សែភ្នែករបស់សហរដ្ឋអាមេរិកក្នុងរយៈពេលយូរអង្វែងទៅមុខទៀត»។

លោក ពុយ គា គឺជាអ្នកកាសែតអាជីពម្នាក់ ដែលមានឈ្មោះបោះសំឡេង ក្នុងពិភពអ្នកកាសែត បានឱ្យដឹងថា នរយោបាយរបស់លោកចូបៃឌិន គឺជានយោបាយការទូតបែបទី៣ របស់លោកអូ បាម៉ា។ តាមការវិភាគ នយោបាយរបស់ប្រធានាធិបតីរូបនេះមិនខុសពីលោកអូបាម៉ាឡើយ ព្រោះបៃឌិន ជាដៃគូ ជាអនុប្រធានធិបតីរបស់អូបាម៉ាពីរជំនាន់ ហើយគាត់ធ្លាប់ធ្វើការច្រើននៅពេលមិនទាន់ក្លាយជាប្រធានាធិបតី។

លោកពុយ គា មានប្រសាសន៍ទៀតថា តើនយោបាយស្រុកខ្មែរ រវាងសហរដ្ឋអាមេរិកនឹងទៅជាយ៉ាងណា? ព្រោះថានៅសម័យលោកអូបាម៉ាគ្រប់គ្រងប្រទេស បានលើកពីបញ្ហាបំបែកចិន និងតំបន់នៅខាងក្រោមជាពិសេសគឺតំបន់ទន្លេមេគ្គងខាងក្រោម។ ដោយកាលនោះ លោកស្រីហីលឡារី គ្លីនតុនបាន កាត់៥ប្រទេសទុកឱ្យទប់ទល់ជាមួយចិន បង្ហាញពីគម្រោងធ្វើយ៉ាងណាបង្ហាញអំពីផលប៉ះពាល់ដោយសារតែប្រទេសចិនខាងលើអភិវឌ្ឍន៍។

លោកសង្កត់ធ្ងន់ថា ភាពតានតឹងនេះ អាចនឹងត្រឡប់មកវិញសម្រាប់បរិបទនៅក្នុងតំបន់ និងបញ្ហាសមុទ្រចិនខាងត្បូង ហើយបរិបទស្រុកខ្មែរក៏មិនសូវជាល្អប៉ុន្មានដែរ។លោកពុយ គា លើកឡើងថា ពេលនេះអាស៊ានកំពុងតែចាំមើលកម្មភាពេបស់អាមេរិក ស្របពេលដែលលោក ចូ បៃឌិន នាពេលនេះមិនទាន់បានបញ្ចេញសកម្មភាពអ្វីទាល់តែសោះ ក្រៅពីបញ្ចេញសុន្ទរកថានយោបាយថាប្រធានាធិបតីថ្មីនេះ នឹងធ្វើអ្វីជាក់ស្ដែង។

ចំណែកលោក ប៉ែន បូណា និពន្ធនាយកទូរទស្សន៍ PNN បានលើកឡើងស្រដៀងគ្នាថា ទោះបីជាសហរដ្ឋអាមេរិកដឹកនាំដោយប្រធានាធិបតីរូបណាក៏ដោយ ក៏សារជាតិ ឬគោលការណ៍នៅតែដដែលទេ គ្រាន់តែអាចប្ដូរគោលការណ៍មួយចំនួន។ ហើយបើនិយាយប្រវត្តិសាស្រ្តរបស់កម្ពុជា ជាមួយអាមេរិកឃើញថា កម្ពុជានិងសហរដ្ឋអាមេរិកមិនមែនជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចនោះទេ គ្រាន់ជាចំណងការទូតមួយធម្មតាប៉ុណ្ណោះ ប៉ុន្តែភាគច្រើនពោពេញទៅដោយភាពរកាំរកូស លើកលែងតែសម័យសាធារណៈរដ្ឋខ្មែរ សម័យលន់នល់ដែលមានការគាំទ្រពីអាមេរិក។

លោក ប៉ែន បូណា បានចោទជាសំណួរថា ហេតុអ្វីកម្ពុជានិងសហរដ្ឋអាមេរិកមិនមែនជាសម័្ពន្ធមិត្តល្អុកល្អឺនចាក់ទឹកមិនលិចដូចគេ?លោកបកស្រាយថា បើតាមអភិក្រមនៃទំនាក់ទំនងអន្តរជាតិ ឃើញថាទំនាក់ទំនងអន្តរជាតិអ្វីដែលសំខាន់គឺប្រយោជន៍ ហើយផលប្រយោជន៍ជាកត្តាកំណត់នៃភាពល្អ មធ្យម ឬរកាំរកូស។

លោកបន្តថា បើកម្ពុជាជាប្រទេសមួយតូច ហើយគ្មានផលប្រយោជន៍មួយធំដុំសម្រាប់សហរដ្ឋអាមេរិកទេ ហេតុនេះហើយបានជាក្នុងក្រសែភ្នែករបស់អាមេរិកមើលមិនសូវឃើញប្រទេសកម្ពុជាទេ។ ដូច្នេកត្តាកំណត់មួយគឺផលប្រយោជន៍នេះឯង បើគ្មានផលប្រយោជន៍គ្មានទំនាក់ទំនងល្អ ហើយបើមានជំនួយតិចតួចគឺចងភ្ជាប់ទៅដោយលក្ខណ្ឌស្មុគស្មាញជាពិសេសគឺប្រជាធិបតេយ្យ និងសិទ្ធមនុស្ស ដែលបញ្ហានេះជាគុណតម្លៃរបស់លោកខាងលិច។

តែទោះជាយ៉ាងណា លោកយល់ឃើញថា បញ្ហាសិទ្ធមនុស្ស និងប្រជាធិបតេយ្យគឺនៅក្រោមផលប្រយោជន៍ ហើយប្រទេសដែលមានទំនាក់ទំនងល្អក៏ដោយសារតែការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកដែរ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង