
ភ្នំពេញ៖ លោក សុន ឆ័យ អតីតអ្នកតំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយ នៅថ្ងៃទី ១ មីនានេះ បានប្រកាសជាសាធារណៈថា សុំចូលជាសមាជិកនៃ គណបក្សភ្លើងទៀន ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២២ នេះតទៅ។
យោងតាមសេចក្តីប្រកាសព័ត៌មាន លោក សុន ឆ័យ បានពន្យល់ថា គណបក្សភ្លើងទៀន ជាគណបក្សដែលរូបខ្ញុំ ក៏ដូចជាបងប្អូនរួមជាតិ ជាច្រើនធ្លាប់បានចូលរួមនិងគាំទ្រយ៉ាងសកម្ម ព្រោះជាគណបក្ស ដែល បម្រើនិងការពារប្រជាពលរដ្ឋខ្មែរ បានយ៉ាងត្រឹមត្រូវ។លោកបានអំពាវនាវឲ្យបងប្អូនរួមជាតិមេត្តាចូលរួម និងគាំទ្រគណបក្ស ភ្លើងទៀន ឲ្យបានគ្រប់ៗគ្នាផងដែរ។
លោក សុន ឆ័យ ដែលស្ថិតក្នុងចំណោម ១១៨ នាក់ ត្រូវបានដកហូតមិនឲ្យធ្វើនយោបាយរយៈពេល ៥ ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ កាលពីខែវិច្ឆិកា ឆ្នាំ ២០១៧ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ត្រូវបានផ្តល់ឲ្យមានសិទ្ធិនយោបាយឡើងវិញ។
ការទទួលបានឡើងវិញនេះ ធ្វើឡើងក្រោយលោក បានដាក់លិខិត ចុះថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២០ ទៅសម្តេចស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីសុំសិទ្ធិធ្វើនយោបាយឡើងវិញ ក្រោយការរំលាយគណបក្សសង្គ្រោះជាតិអស់រយៈពេលជិត ៣ ឆ្នាំ។