ភ្នំពេញ៖ តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាមិនត្រូវប្រញាប់ទៅប្រកបរបរជីវភាពប្រចាំថ្ងៃដូចមុនទេ ព្រោះខ្លាចកើតមានរលកទី២នៃកូវីដ១៩ ខណៈការរាតត្បាតជាសកលនៃវីរុសនេះ មិនទាន់ចប់នៅឡើយទេ។ នេះបើតាមអង្គការសុខភាពពិភពលោកថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជានាព្រឹកនេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោកស្រីវេជ្ជបណ្ឌិត Li Ailan តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានលើកឡើងថា សូមប្រជាពលរដ្ឋកម្ពុជាទាំងអស់ត្រូវតែបន្តប្រុងប្រយ័ត្ន និងមិនត្រូវប្រញាប់ទៅប្រកបរបរជីវភាពប្រចាំថ្ងៃដូចមុនទេ ព្រោះខ្លាចកើតមានរលកទី២នៃកូវីដ១៩ ខណៈការរាតត្បាតជាសកលនៃវីរុសកូវីដ១៩មិនទាន់ចប់នៅឡើយទេ ដរាបណានៅមានករណីឆ្លងថ្មីៗដែលបានកើតឡើងនៅប្រទេសផ្សេងៗក្នុងពិភពលោក។
លោកស្រី Li Ailan បានបន្តថា ដោយសារមិនអាចទាយទុកបានជាក់លាក់ សម្រាប់ការវិវត្តរបស់មេរោគ និងការផ្ទុះរាតត្បាតនៃវីរុសកូវីដ១៩ ជាពិសេសក្នុងករណីដែលប្រជាពលរដ្ឋមានការធ្វេសប្រហែសដោយប្រការណាមួយ ពិតណាស់គឺកម្ពុជានឹងអាចប្រឈមនឹងរលកទី២ នៃការផ្ទុះរាតត្បាតវីរុសកូវីដ១៩ ហើយចំពោះបញ្ហានេះ ក៏ជាបញ្ហាប្រឈមធំមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះ តំណាងអង្គការសុខភាពពិភពលោក អំពាវនាវចំពោះប្រជាពលរដ្ឋកម្ពុជាដែលគិតថាស្ថានភាពកូវីដ១៩បានធូរស្បើយ ហើយតែងតែចង់ទៅរកភាពធម្មតាវិញ ឧទាហរណ៍ដូចជាការបើកឡើងវិញនូវអាជីវកម្ម សម្រាប់អង្គការសុខភាពពិភពលោកគិតថា គួរតែកុំទាន់អាលទៅរកភាពធម្មតាវិញអី ព្រោះអាចកើតមានរលកទី២នៃកូវីដ១៩ ដែលអាចបង្កនូវការឆ្លងលក្ខណៈទ្រង់ទ្រាយធំ។
បើតាមលោកស្រី Li Ailan ដើម្បីជាការឆ្លើយតបនិងទប់ស្តាត់រលកទី២នៃកូវីដ១៩នៅកម្ពុជា គឺត្រៀមខ្លួនជាស្រេច ដោយបានលើកឡើងចំណុចបីសំខាន់ជូនប្រជាពលកម្ពុជាទាំងអស់ សម្រាប់ការការពារនឹងការកើតឡើងរលកទី២។ ក្នុងនោះរួមមាន ចំណុចទី១ គឺប្រជាពលរដ្ឋត្រូវតែធ្វើការប្រុងប្រយ័ត្ន និងតាមដានជាប់ជានិច្ច និងមិនត្រូវមានការធ្វេសប្រហែសឡើយ។ ចំណុចទី២គឺ ត្រូវតែធ្វើជាជើងឯកសម្រាប់ការរស់នៅប្រចាំថ្ងៃដែលមានរបៀបនៃការកំណត់ការរស់នៅថ្មីមួយ។ រីឯចំណុចទី៣ គឺការត្រៀមខ្លួនរួចជាស្រេចសម្រាប់ការផ្ទុះរាតត្បាតនៃវីរុសនេះសារជាថ្មី ដែលហៅថារលកទី២នៃកូវីដ១៩។
គួររម្លឹកផងដែរថា កម្ពុជាមានអ្នកជំងឺកូវីដ១៩សរុបចំនួន១២២នាក់នៅទូទាំងប្រទេស ដោយបច្ចុប្បន្នអ្នកជាសះស្បើយមានចំនួន១២០នាក់ និងនៅសល់អ្នកជំងឺ២នាក់ដែលកំពុងបន្តការព្យាបាលមកពីខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ឆ្នាំង៕