
ភ្នំពេញ៖កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈនេះ ដោយមានការចូលរួមផ្ទាល់ និង តាមប្រព័ន្ធវីដេអូ។ជាលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានជជែកគ្នាលើកិច្ចការជាច្រើនដែលក្នុងនោះក៏មានផងដែរ ការជជែកពីការស្នើសុំរបស់ប្រទេសមួយចំនួនមាន អាម៉េរិក អឺរ៉ុប ឥណ្ឌា ដែលចង់ក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាស៊ានដូចប្រទេសចិន និង អូស្ត្រាលី។
ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានអះអាងថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ភាគីទាំងអស់គ្នាបានជជែកគ្នាដោយផ្តោតសំខាន់លើការជំរុញសេដ្ឋកិច្ចក្រោយកូវីដ-១៩ បញ្ហាមីយ៉ាន់ម៉ា និង ជជែកគ្នាពាក់ព័ន្ធផ្ទៃក្នុងអាស៊ាន។
បើតាមលោក ប្រាក់ សុខុន ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន បានផ្តោតសំខាន់លើការពង្រឹងលើស្ថាប័នអាស៊ានទាំងមូល ក្នុងពេលដែលពិភពលោកកំពុងប្រជែងគ្នាផ្នែកភូមិសាស្ត្រនយោបាយដោយរយៈពេល៥៥ឆ្នាំមកនេះ អាស៊ានមានប្រទេសមួយចំនួនទាក់ទងធ្វើកិច្ចសហប្រតិបត្តិការណ៍ច្រើនដោយប្រទេសខ្លះចង់ចូលជាមួយអាស៊ាន និង ខ្លះទៀតចង់ក្លាយជាដៃគូជាដើម។
លោក ប្រាក់ សុខុន បានថ្លែងថា បច្ចុប្បន្នមានប្រទេសចំនួន២ហើយដែលក្លាយជាដៃគូកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយមាន ប្រទេសអូស្ត្រាលី និង ប្រទេសចិន។ហើយដោយសារអូស្ត្រាលី និងចិនបានក្លាយជា ដៃគូកម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ទើបមានប្រទេសជាច្រើនមានជាអាទិ៍៖ អាម៉េរិក អឺរ៉ុប ឥណ្ឌា កូរ៉េខាងត្បូង។សម្រាប់លោក ប្រាក់ សុខុន នៅពេលខាងមុនអាស៊ាននឹងមានប្រទេសជាច្រើនទៀតនឹងទាក់ទងចូល។
គួរបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចុះហត្ថលេខាលើសេចក្តីប្រកាសទីក្រុងបាងកកដោយបិតាស្ថាបនិករបស់អាស៊ាន ដែលមានប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបុរី និងថៃ។ ក្រោយមកប្រទេសប៊្រុយណេដារូសាឡឹម បានចូលរួមនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៨៤ ប្រទេសវៀតណាម នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥ ប្រទេសឡាវ និងប្រទេសភូមា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧ និង ប្រទេសកម្ពុជានៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩៕