
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នារសៀលថ្ងៃពុធ ទី១៦ ខែកុម្ភៈនេះ បានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅពេលមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងថា បច្ចុប្បន្នលោក Bui Thanh Son រដ្ឋមន្ត្រីការបរទេសវៀតណាម កំពុងចូលរួមតាមអ៊ីនធឺណិតពីបន្ទប់របស់គាត់ ដើម្បីប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ហើយកម្ពុជាបានរៀបចំផ្នែកសុខភាព និង វេជ្ជសាស្ត្រត្រឹមត្រូវសម្រាប់គាត់។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (AMMR) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមហើយ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំនេះមានរដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេស ចូលរួមប្រជុំផ្ទាល់ជាមួយកម្ពុជា។ ដោយឡែកប្រទេសថៃ និងប្រ៊ុយណេ និង វៀតណាម ចូលរួមកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ។ សម្រាប់មីយ៉ាន់ម៉ាវិញ គឺមិនបានចាត់តំណាងចូលរួមឡើយ៕