ភ្នំពេញ៖សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC នៅថ្ងៃទី៨ ឧសភានេះ បានចេញលិខិតអំពាវនាវដល់ម្ចាស់អាគារទាំងអស់ ដែលជួលឱ្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និង ផលិតផលធ្វើដំណើរនៅកម្ពុជា ចុះថ្លៃឈ្នួលចំនួន៣០ភាគរយរយៈពី៣ ទៅ៦ខែ។
បើតាមសមាគម ការចុះថ្លៃឈ្នួលនេះ នឹងអាចជួយសម្រាលបន្ទុកចំណាយរបស់រោងចក្រ និងជួយចួលរួមចំណែកស្តារសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីទ្រទ្រង់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ឧសភា ឆ្នាំ២០២០នេះ រោងចក្រចំនួន១៨០ បានព្យួរប្រតិបត្តិការរបស់ខ្លួន ហើយរោងចក្រចំនួន៦០បន្ថែមទៀតក៏នឹងឈានទៅរកការព្យួរផងដែរ ដែលចំនួននេះកំពុងប៉ះពាល់ដល់កម្មករជា១៥០០០០នាក់ដែលត្រូវការងារជាបណ្តោះអាសន្ន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC។
សេចក្តីប្រកាសដដែរបានគូសបញ្ជាក់ថា ការព្យួរការងារជាបណ្តោះអាសន្ននេះមិដឹងច្បាស់លាស់ថានឹងបន្តការងារវិញនៅពេលនេះទេ ហើយកម្មករជិត២០០០០០នាក់នឹងត្រូវព្យួរការងារនាពេលខាងមុខឆាប់ៗនេះដែលនឹងប៉ះពាល់មិនត្រឹមតែកម្មករទេ ប៉ុន្តែថែមទាំងសមាជិកគ្រួសារប្រមាណ២លាននាក់ដែលពឹងផ្អែកលើពួកគេ។
សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC បានអំពាវនាវដល់អ្នកបញ្ជាទិញទាំងអស់ដែលទិញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើណើរពីកម្ពុជា គោរពតាមលក្ខខណ្ឌទូទាត់ប្រាក់សម្រាប់ទំនិញដែលបានទទួលរួចហើយ និង ឬដែលកំពុងដឹងទៅឱ្យអ្នកបញ្ជាទិញ៕