ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានឱ្យដឹងថាស្រ្តីម្នាក់ឈ្មោះ កែវ ចន្ធី អាយុ ២៩ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) រកឃើញមានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១។ ហេតុនេះ អាជ្ញាធរខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនកម្មករ-កម្មការិនី ដែលធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ តាគិសាដា (ខេមបូឌា) នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង២ ស្ថិតនៅភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទាងជាមួយកម្មការិនីឈ្មោះ កែវ ចន្ធី ។
ជាមួយនឹងករណីនេះ អាជ្ញាធរខេត្តស្វាយរៀង បានក្រើនរំលឹក និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូរបង្កើនការប្រុងប្រយ័ត្ន បន្តពាក់ម៉ាស់ពេលចេញក្រៅ រក្សាគម្លាត ឧស្សាហ៍លាងដៃជាមួយសាប៊ូ ឬអាល់កុល និងបានធ្វើការអំពាវដល់ប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឬអ្នកធ្លាប់ទៅទីតាំងខាងលើ សូមតាមដានសុខភាព និង សូមដាក់ខ្លួនដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ ហើយបើសិនមានរោគសញ្ញាគួរសង្ស័យ សូមមេត្តាប្រញាប់ទៅយកសំណាកធ្វើតេស្តរកកូវីដនៅមន្ទីរពេទ្យ។
ជាមួយគ្នានេះ ក្នុងករណីមានរោគសញ្ញា នៃសុខភាពប្រែប្រួលផ្សេងៗ ដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ និងសូមអញ្ជើញទៅតេស្តកូវីដនៅមន្ទីរពេទ្យដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត 044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ឱ្យបានលឿនតាមដែលអាចធ្វើបាន។
គួររំលឹកថា អ្នកដែលស្ម័គ្រចិត្តទៅធ្វើតេស្តរកជំងឺកូវីដ សូមកុំភ្លេចភ្ជាប់អត្តសញ្ញាណបណ្ឌផ្ទាល់ខ្លួនទៅជាមួយផង និងពាក់ម៉ាសជាប្រចាំ បន្ទាប់ពីអញ្ជើញទៅធ្វើតេស្តសុខភាពរួចរាល់ហើយ សូមបន្តធ្វើការផ្ដាច់ខ្លួនឱ្យនៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃបន្តទៀត ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល៕