
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះព្រះមហាក្សត្រ និងក្រុមគ្រួសារសម្តេចផ្ទាល់ដែលបានជួយគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេសជាតិកម្ពុជា។ការអរគុណនេះ ធ្វើឡើងក្នុងពេលសម្តេច ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ ២០២២ “ 2022 SUNHAK PEACE PRIZE “ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
សម្តេច ហ៊ុន សែន បានចាត់ទុក ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២នេះ មិនមែនបានមកដោយសារតែសម្តេចតែម្នាក់ឯងនោះទេ ពោលគឺមានមនុស្សជាច្រើនរូបផ្សេងទៀត ដែលសក្ដិសមនឹងទទួលបាននូវពានរង្វាន់សន្តិភាពនេះ ដោយសារពួកគេបានចូលរួមគាំទ្រយ៉ាងសកម្ម ដល់ការខិតខំប្រឹងប្រែងរបស់សម្តេចនៅក្នុងកិច្ចដំណើរការនៃការកសាងសន្តិភាពនៅប្រទេសកម្ពុជា។
សម្តេច ហ៊ុន សែន បានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅចំពោះអតីតព្រះមហាវីរក្សត្រ សម្តេចព្រះបាទនរោត្តម សីហនុ, ព្រះវររាជមាតា និងសម្តេចព្រះបាទព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្ន ដែលបានបំពេញតួនាទីក្នុងការលើកកម្ពស់នូវស្មារតីនៃសាមគ្គីភាពជាតិរវាងប្រជាជនកម្ពុជា ក្នុងឋានៈជាមហាគ្រួសារតែមួយ និង ថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់សម្តេច ចំពោះការស្រឡាញ់ និង ការគាំទ្រដល់ដំណើរស្វែងរកសន្តិភាព សម្រាប់ប្រទេស។
បើតាមសម្តេច ហ៊ុន សែន សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាមញញឹមដល់មនុស្សគ្រប់រូប អ្នកដែលមិនធ្លាប់បានឆ្លងកាត់នូវទុក្ខលំបាក និងការឈឺចាប់ដែលបង្កដោយសង្គ្រាម ប្រហែលជាមិនឱ្យតម្លៃលើសន្តិភាពនោះឡើយ។ ចំណែកឯអ្នកដែលធ្លាប់បានឆ្លងកាត់ជម្លោះហិង្សា ឬភ្លើងសង្គ្រាម ទើបដឹងថា សន្តិភាពមានតម្លៃដ៏ថ្លៃថ្លាប៉ុណ្ណានោះ។
គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ ២០២២ ដែលធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ដែលធ្វើឡើងក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាព នៅឧបទ្វីបកូរ៉េ» ដែលមានមេដឹកនាំ និងអតីតមេដឹកនាំប្រទេស ព្រមទាំងមេដឹកនាំអង្គការពាក់ព័ន្ធមកពីប្រមាណ ១៥៧ប្រទេស៕