
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី ៣ កុម្ភៈនេះ បានសម្រេចមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាននោះទេ។ការសម្រេចនេះ ក្រោមហេតុផលថា ដោយសារមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នា។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ប្រទេសជាសមាជិកអាស៊ានបានឯកភាពគ្នាមិនអញ្ជើញរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះឡើយ។ការសម្រេចនេះ គឺដោយសារតែមានវឌ្ឍនភាពតិចតួចក្នុងការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច។
ប៉ុន្តែប្រទេសជាសមាជិកអាស៊ានបានស្នើឱ្យមីយ៉ាន់ម៉ា បញ្ជូនអ្នកតំណាងឱ្យមកជំនួសដែលជាអ្នក មិនជាប់ពាក់ព័ន្ធនយោបាយជាជាងទុកកៅអីឱ្យនៅទំនេរ។
គួរបញ្ជាក់ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី ១៨-១៩ ខែមករា ឆ្នាំ២០២២ ខាងមុខនៅខេត្តសៀមរាប ត្រូវបានកម្ពុជា ដែលជាប្រធានអាស៊ានប្តូរវេនឆ្នាំ២០២២នេះជូនដំណឹងថា លើកទៅធ្វើនាពេលក្រោយវិញ។ ជុំវិញការលើកពេលប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រូវបានក្រសួងការបរទេសកម្ពុជាបញ្ជាក់ថាមកពីហេតុផលរដ្ឋមន្ត្រីការបរទេសអាស៊ានជាច្រើនរូប មានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំ។ ទោះយ៉ាងណា ការលើកពេលកិច្ចប្រជុំដ៏សំខាន់នេះ ត្រូវអ្នកតាមដានសភាពការណ៍នយោបាយអាស៊ាន និងភូមា មើលឃើញហេតុផលច្រើនជាងអ្វីដែលក្រសួងការបរទេសកម្ពុជាលើកឡើងទៅទៀត។