
ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៣១ មករានេះ បានប្រកាសហ៊ានធ្វើសង្គ្រាម ដើម្បីការពារថ្ងៃទិវាជ័យជំនះ៧មករាដែលកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។ការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបនឹងការរិះគន់មួយចំនួនដែលចោទថា គណបក្សប្រជាជនកម្ពុជាបំភ្លេចចោលថ្ងៃ៧មករា។
បើតាមសម្តេច ហ៊ុន សែន បានពន្យល់ថា ការផ្អាកមិនប្រារព្ធថ្ងៃ«ជ័យជំនះ៧មករា»នៅឆ្នាំ២០២២នេះ មិនមែនគណបក្សប្រជាជនកម្ពុជាចង់បំភ្លេចចោល«ជ័យជំនះ៧មករា»ទេ ពោលការផ្អាកនេះ គឺដោយសារគណបក្សចង់បញ្ជូនសារដល់ប្រជាពលរដ្ឋកម្ពុជាទាំងមូលពីការការពារកូវីដ-១៩។
សម្រាប់សម្តេច ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទូទៅមិនដែលបំភ្លេចចោល«ជ័យជំនះ៧មករា»នោះទេ ព្រោះថ្ងៃជ័យជំនះ ៧ មករា គឺជាថ្ងៃដែលប្រទេសកម្ពុជាត្រូវបានសង្គ្រោះ និងរំដោះចេញផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត។ ប៉ុល ពត ដែលបានប្រែក្លាយកម្ពុជាទៅជាវាលពិឃាតដ៏ខ្មៅងងឹតអស់រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ។