
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនាយឧត្តមសេនីយ៍ មីន អោងឡាង មេដឹកនាំយោធាមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ។ក្នុងជំនួបនោះ សម្តេច ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបានជំរុញឱ្យនាយឧត្តមសេនីយ៍ មីន អោង ឡាង គោរព«កិច្ចព្រមព្រៀង០៥ចំណុច»របស់អាស៊ានដែលដាក់ចេញកន្លងមក។
ក្នុងនាមជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន បានអំពាវនាវឯកឧត្តម Min Aung Hlaing នូវ ០៤ចំណុច ខិតខំអនុវត្ត នូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទចំនួន០៥ចំណុចនោះ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នា កាលពីខែមេសា ឆ្នាំ២០២១ កន្លងទៅ ត្រូវបង្កលក្ខណៈធ្វើយ៉ាងណា អាចអោយប្រេសិតពិសេសរបស់ប្រធានអាស៊ាន អាចទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សា និងឈានឆ្ពោះធ្វើយ៉ាងណាដើម្បីឲ្យមានបទឈប់បាញ់ជាដើម។
ក្នុងនាមជាប្រធានអាស៊ាន សម្តេច ហ៊ុន សែន បានសម្ដែងនូវការព្រួយបារម្ភចំពោះអំពើហិង្សា ក្រោយពីដំណើរទស្សនកិច្ចរបស់សម្ដេចទៅប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧- ៨ មករា ឆ្នាំ២០២២ កន្លងទៅនេះដោយស្នើសុំធ្វើយ៉ាងណាអោយភាគីទាំងអស់ បង្ហាញនូវភាពអត់ធ្មត់ ដើម្បីធ្វើយ៉ាងណាឈានទៅដល់បទឈប់បាញ់នេះ។
ជាការកត់សម្គាល់ បើទោះបីមានដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ាដើម្បីសម្របសម្រួលក្តីតែសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះនៅតែបន្ត។ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានសម្ដែងការព្រួយបារម្ភជាខ្លាំង ចំពោះការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធយ៉ាងធ្ងន់ធ្ងរនៅរដ្ឋកាយ៉ាហ៍ (Kayah State) រវាងយោធានិងកងកម្លាំងប្រដាប់អាវុធផ្សេងទៀត។
កាលពីថ្ងៃទី២៥ ខែមករា សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានលើកឡើងថា សម្តេចនឹងអញ្ជើញមេដឹកនាំយោធាភូមាចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពរីកចម្រើននៅក្នុងការអនុវត្តចំណុចទាំង៥ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទរបស់អាស៊ាន។ ប៉ុន្តែប្រសិនបើមិនមានទេ មេដឹកនាំយោធាភូមាក៏ត្រូវតែត្រៀមក្នុងការបញ្ជូនតំណាងមិនមែនជាថ្នាក់នយោបាយចូលរួមក្នុងកិច្ចប្រជុំអាស៊ាននេះផងដែរ៕