Yearendyearend1140x150

សម្តេច ហ៊ុន សែន ព្រមានរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំព្រហើនជាមួយថ្នាក់ដឹកនាំអាស៊ាន

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/
សម្តេច ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកម្ពុជា

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានព្រមានដល់រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីកុំឲ្យព្រហើន ក្នុងការប្រើប្រាស់ពាក្យសំដីមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ាន។ ការព្រមាននេះ ធ្វើឡើងក្នុងជំនួបសន្ទនាការងារតាមប្រព័ន្ធទូរសព្ទ ជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) នៅថ្ងៃទី ២១ មករានេះ។

ប្រតិកម្មឆ្លើយតបទៅនឹងការរិះគន់របស់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី សម្តេច ហ៊ុន សែន តាមរយៈរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានផ្ញើសារព្រមានខ្លាំងៗទៅកាន់រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ចំពោះការប្រើប្រាស់ពាក្យសំដីមិនគប្បីលើថ្នាក់ដឹកនាំអាស៊ាន ជាពិសេស ប្រធានអាស៊ានតែម្ដង។សម្តេច ហ៊ុន សែន បានចាត់ទុក សំដីរបស់រដ្ឋមន្ត្រីការបរទេស រូបនេះ មានលក្ខណៈព្រហើន មិនសមជាអ្នកការទូត និង ខ្វះការគួរសម។

សម្តេច ហ៊ុន សែន បានពន្យល់ថា ដំណើរទស្សនកិច្ចរបស់សម្ដេច ទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេស ស្ថានភាពនៅមីយ៉ាន់ម៉ាពីមុន ដោយសារនៅមីយ៉ាន់ម៉ាបច្ចុប្បន្ននេះ គឺអាចមានរដ្ឋាភិបាល២ ហើយដូច្នេះទស្សនកិច្ចរបស់សម្តេចកន្លងទៅនេះ មិនមែនបង្កើតភាពស្មុគស្មាញទេ ពោលគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រក ដើម្បីជួយដល់មីយ៉ាន់ម៉ា ។

គួរបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បានរិះគន់ចំៗពីដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា កាលពីថ្ងៃទី ៧មករា ឆ្នាំ២០២២ ដោយរដ្ឋមន្រ្តីការបរទេសរូបនេះ បានលើកឡើងថា ធ្វើឡើងដោយមិនមានការពិគ្រោះយោបល់ពីសមាជិកអាស៊ានផ្សេងទៀត។ រដ្ឋមន្រ្តីការបរទេសរូបនេះ យល់ឃើញថា ដំណើរទស្សនកិច្ចនេះមិនបានជួយដោះស្រាយដល់វិបត្តិនយោបាយនៅមីយ៉ាន់ម៉ានោះទេ។

តែយ៉ាងណាក៏ដោយ មុនពេលសម្តេច ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា គឺសម្តេចបានប្រកាសថា ក្នុងដំណើរទស្សនកិច្ចនេះ កម្ពុជាមិនមែនទៅក្នុងនាមជាប្រធានអាស៊ាននោះទេ ពោលគឺជាដំណើរទស្សនកិច្ចពិភាក្សាការងាររវាងរដ្ឋ និងរដ្ឋ តែប៉ុណ្ណោះ។ ជាមួយគ្នានោះ ប្រមុខថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាពីកិច្ចព្រមព្រៀងទាំងប្រាំចំណុចនៅក្នុងក្របខណ្ឌអាស៊ាន ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាមិនបានអនុវត្តកន្លងមក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង