
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចារឲ្យបានដំណើរការទៅមុខនៃសេចក្តីថ្លែងការណ៍ស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង DOC។សេចក្តីថ្លែងការណ៍រួមដែលបានបង្កើតឡើងនៅទីក្រុងភ្នំពេញ កាលពីឆ្នាំ២០០២ ដើម្បីកំណត់ពីការដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។ប៉ុន្តែ២០ឆ្នាំមកនេះ ជម្លោះនៅសមុទ្រចិនខាងត្បូងនៅតែបន្តឡើងកំដៅ តែមិនមានការផ្ទុះអាវុធណាមួយរវាងចិន និង បណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន។
២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីជម្លោះនៅសមុទ្រចិនខាងត្បូង DOC សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមើលឃើញថា នៅតែជួបបញ្ហាតែអាស៊ានមិនត្រូវភ្លេចពីការងារនេះនោះទេ ហើយត្រូវតែបន្តខិតខំជំរុញ បង្កើនល្បឿននៃការចរចាររកដំណោះស្រាយដើម្បីសន្តិភាពក្នុងតំបន់។
ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ កម្ពុជាបានប្រារព្ធពិធីរម្លឹកខួបគម្រប់២០ឆ្នាំនៃសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង ហៅកាត់ថា DOC។សម្តេច ហ៊ុន សែន បានស្នើសុំឲ្យលោក Lim Jock Hoi អគ្គលេខាធិការអាស៊ាន ជួយចូលរួមចំណែកក្នុងការលើកទឹកចិត្តក្នុងការចរចា ឲ្យបានដំណើរការទៅមុខ។
នៅពេលកម្ពុជា ជាប្រធានអាស៊ាន នៅឆ្នាំ២០០២ អាស៊ាន និងចិនបានចុះហត្ថលេខារួមគ្នាលើឯកសារ DOC ដើម្បីប្រែក្លាយសមុទ្រចិនខាងត្បូង ឲ្យទៅជាសមុទ្រមួយនៃសន្តិភាព ស្ថិរភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការអចិន្ត្រៃយ៍ដើម្បីផលប្រយោជន៍ទៅវិញ ទៅមក។ អាស៊ាន និងចិន ក៏ជាដៃគូយុទ្ធសាស្ត្រដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាលើវិស័យជាច្រើន គ្រប់កំរិត តាមរយៈយន្តការពហុភាគីនានា ពិសេសលើវិស័យពាណិជ្ជកម្ម-សេដ្ឋកិច្ច។
កិច្ចព្រមព្រៀង DOC ត្រូវបានបង្កើតឡើង ដើម្បីឆ្ពោះទៅរកសហប្រតិបត្តិការ និងការដោះស្រាយដោយសន្តិវិធីលើបញ្ហាសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះដែនសមុទ្រ រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន រួមមាន៖ វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងព្រុយណេ៕