Cctime 6monthsfree desktop
Cc times  web banner kh (2)

នាយករដ្ឋមន្រ្តីសិង្ហបុរីគាំទ្រនិងអរគុណកម្ពុជាចូលរួមដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងកិច្ចពិភាក្សាការងារជាមួយសម្ដេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ ឯកឧត្តម លី សៀនលុង (Lee Hsien Loong) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជា ដែលជាប្រធានអាស៊ាន និងអរគុណចំពោះគោលបំណងរបស់កម្ពុជា ក្នុងការចូលរួមចំណែកដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា។

សម្ដេចនាយករដ្ឋមន្ត្រី បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី អំពីលទ្ធផល និងគោលបំណងនៃទស្សនកិច្ចការងាររបស់សម្ដេច ទៅប្រទេសមីយ៉ាន់ម៉ាកន្លងទៅនេះ ហើយជាពិសេស អ្វីដែលជាគោលបំណងរបស់សម្ដេច គឺជួយដល់វិបត្តិនៅមីយ៉ាន់ម៉ានេះ គឺធ្វើយ៉ាងណា ឱ្យមានបទឈប់បាញ់ជាបន្ទាន់ បញ្ឈប់អំពើហិង្សា ហើយនិងការផ្ដល់ជំនួយមនុស្សធម៌ទៅដល់ប្រជាជនមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ក្នុងកាលៈទេសៈនេះ ។ មួយវិញទៀត គឺដើម្បីជំរុញឱ្យមានការសន្ទនាពីគ្រប់ភាគីពាក់ព័ន្ធផងដែរ ដែលជាការងារចាំបាច់ក្នុងនាមជាប្រធានអាស៊ាន ក្រៅពីការងារទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា ។

ជាការឆ្លើយតប ឯកឧត្តម នាយករដ្ឋមន្ត្រីសិង្ហបុរី បានអរគុណសម្ដេចនាយករដ្ឋមន្ត្រី ដែលបានជម្រាបជូនពីលទ្ធផល នៃទស្សនកិច្ចរបស់សម្ដេច ទៅបំពេញការងារនៅទីក្រុងណៃពីដោ ហើយក៏បានថ្លែងអំណរគុណផងដែរចំពោះគោលបំណងរបស់ប្រទេសកម្ពុជា ក្នុងការចូលរួមចំណែក ដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ានេះ ។

ឯកឧត្តម លី សៀនលុង ក៏បានគូសបញ្ជាក់ផងដែរថា យើងពិតជាគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាជាពិសេស ដែលកម្ពុជា ជាប្រធានអាស៊ាននៅពេលនេះ ហើយរួមទាំងការងាររបស់ប្រេសិតពិសេសរបស់ ប្រធានអាស៊ាននេះ។ ពាក់ព័ន្ធនឹងដំណើរការបន្តទៀត ឯកឧត្តមនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏បានឯកភាពជាមួយសម្ដេចនាយករដ្ឋមន្ត្រីថា ទុកឲ្យរដ្ឋមន្ត្រីការប្រទេសអាស៊ាន មានការប្រជុំ ដើម្បីពិនិត្យមើលការងារបន្តទៀត ជាពិសេសការងាររបស់ប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ដែលក្នុងស្ថានភាព និងកាលៈទេសៈនេះ តម្រូវឲ្យជួយដល់មីយ៉ាន់ម៉ា ដើម្បីដោះស្រាយបញ្ហាវិបត្តិក្នុងប្រទេសនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង