
ភ្នំពេញ៖ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ មករានេះ បានអញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ បន្ទាប់ពីទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ជាលទ្ធផលនៃទស្សនកិច្ចមេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ ហើយបានអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា និង បើផ្លូវដល់ការផ្តល់ជំនួយ។ប៉ុន្តែទស្សនកិច្ចនោះ មិនមានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជីទេ ដោយអាចរៀបចំឡើងនៅពេលក្រោយ។នេះបើយោងតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស។
ដូចការគ្រោងទុកដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន ទៅកាន់មីយ៉ាន់ម៉ា បានបិទបញ្ចប់ជាផ្លូវការហើយនៅថ្ងៃទី ៨ មករានេះ។ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច ហ៊ុន សែន បានជួបជាមួយមេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា និងបានសន្យាថា ពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ និង សម្របសម្រួលដល់ការផ្ដល់ជំនួយដោយមិនរើសអើង។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសន្និសីទសារព័ត៌មានអំពីលទ្ធផលនៃដំណើរទស្សនកិច្ចនេះ ហើយបានប្រកាសពីភាពជោគជ័យមួយកម្រិកនៃការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា ដែលកើតឡើងតាំងពីដើមឆ្នាំ២០២១។
បើតាមលោក ប្រាក់ សុខុន បានថ្លែងថា លោក មីន អ៊ុងឡាំង បានប្តេជ្ញាចូលរួមដោះស្រាយវិបត្តិរបស់ខ្លួន ហើយសិក្សាពីរបៀបដឹកនាំរបស់កម្ពុជាក្នុងការនាំកម្ពុជាប្រកបដោយសន្តិភាព។សម្រាប់លោក ប្រាក់ សុខុន បានចាត់ទុកការព្រៀមព្រៀងគ្នានេះជាសញ្ញាវិជ្ជមានមួយមីយ៉ាន់ម៉ា។
តែយ៉ាងណា ក្នុងដំណើរទស្សនកិច្ចនោះសម្តេច ហ៊ុន សែន និង គណៈប្រតិភូមិនត្រូវបានចូលជួបពិភាក្សាការងារជាមួយក្រុមភាគីប្រឆាំងនោះទេ។លោក ប្រាក់ សុខុន ដែលជាប្រេសិតពិសេសអាស៊ាន អះអាងថា លោកនឹងព្យាយាមជួបជាមួយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា ដើម្បីធ្វើយ៉ាងណាបានជួបជាមួយភាគីពាក់ព័ន្ធ។លោកថា បច្ចុប្បន្ន ក្រុមការងាររបស់លោកកំពុងរង់ចាំការគាំទ្រពីរដ្ឋមន្ត្រីការបរទេសរបស់សមាជិកអាស៊ាន ចំពោះបញ្ហានេះ។
លោក ប្រាក់ សុខុន បានសង្គត់ធ្ងន់ថា វិបត្តិនៅមីយ៉ាន់ម៉ា គឺជាចំណោទបញ្ហាដ៏ធំ និងមានភាពស្មុគស្មាញ ដោយសារប្រវត្តិសាស្រ្តនយោបាយ គួបផ្សំនឹងតួនាទីដ៏មានឥទ្ធិពលរបស់យោធាជាដើម។ដូច្នេះ ដំណើរទស្សនកិច្ចតែម្តងមិនអាចជោគជ័យនោះទេ ដោយទាមទារការព្យាយាមបន្ថែមទៀត។លោកថា គម្រោងជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី អាចនឹងមាននៅពេលក្រោយ។
គួរបញ្ជាក់ថា មីយ៉ាន់ម៉ា បានធ្លាក់ទៅក្នុងភាពវឹកវរនយោបាយ និងអន្តិសុខជាខ្លាំង បន្ទាប់ពីកងទ័ពបានធ្វើរដ្ឋប្រហារយោធា នៅថ្ងៃទី១កុម្ភៈ ឆ្នាំ២០២១ ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី។ ក្រុមឧទ្ទាមជនជាតិភាគតិច និងក្រុមប្រដាប់អាវុធជាច្រើនក្រុម បានប្រកាសប្តេជ្ញាតតាំង ជាមួយនឹងការវិលត្រលប់មកវិញ នៃរបបសិកផ្តាច់ការ។សម្រាប់ដំណើរទស្សនកិច្ចទៅកាន់ភូមាពីសំណាក់សម្តេច ហ៊ុន សែន ពេលនេះ ត្រូវបានគេមើលឃើញថា ជាកូនសោមួយ ដើម្បីរកច្រកចេញឲ្យមីយ៉ាន់ម៉ា។