ភ្នំពេញ៖អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា បានផ្ញើលិខិតគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
ក្នុងលិខិតនោះអ្នកឧកញ៉ា ពុង ឃាវសែ បានសរសេរយ៉ាងដូច្នេះថា "ក្នុងនាមសមាជិក សមាជិការ នៃសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានសេចក្តីរន្ធត់ និង សោកស្តាយជាអនេក ចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា-ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលបានទទួលមរណភាពក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ ។ នេះមិនត្រឹមជាការបាត់បង់របស់មហាក្រុមគ្រួសាររបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុណ្ណោះទេ តែជាការបាត់បង់ដ៏ធំធេង នៃឥស្សរៈជនដ៏ឆ្នើម ទាំងពុទ្ធចក្រ និងអាណាចក្រ សម្រាប់ប្រជាជនកម្ពុជាទាំងមូល និង សម្រាប់ព្រះរាជាណាចក្រកម្ពុជា"។
អ្នកឧកញ៉ា ពុង ឃាវសែ សូមលើកដៃប្រណម្យបួងសួង សូមឲ្យវិញ្ញាណក្ខ័ន្ធសព អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។