
ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជា បុរសខ្លាំងកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី៧ និងទី៨ ខែមករា ដើម្បីស្វះស្វែងបញ្ចប់វិបត្តិមីយ៉ាន់ម៉ា។មីយ៉ាន់ម៉ាដែលសមាជិកអាស៊ានមួយចំនួនប្រងើយកន្តោយមិនជជែងរកនោះ ត្រូវបានគេមើលឃើញថា អាចមានភាគរយខ្ពស់ចូលរកតុចរចាក្រោយការទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន។តើ«បុរសខ្លាំងកម្ពុជា»អាចអន្ទងចិត្តមេដឹងនាំមីយ៉ាន់ម៉ា ដើម្បីសុខដុមរមនាអាស៊ានបានទេ?
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី ៤ មករានេះថា គម្រោងដំណើរទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ា គឺគ្មានការផ្លាស់ប្តូរនោះទេ ពោលគឺនឹងចាប់ផ្តើមនៅថ្ងៃទី៧ និងទី៨ ខែមករា។
ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២២ បេសកកម្មរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ានេះ ត្រូវបានប្រកាសថា គឺដើម្បីឯកភាពអាស៊ាន សាមគ្គីភាព និងភាពជាកណ្តាល។ក្នុងទស្សនកិច្ចនេះ នឹងជជែកជាមួយលោក មីង អោងឡាំង ពីគោលការណ៍រួមរបស់អាស៊ាន ដែលមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។
សម្តេច ហ៊ុន សែន តែងតាំង ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ជាបេសកជនរបស់ប្រធានអាស៊ាន ដើម្បីចុះទៅសម្របសម្រួលជាមួយប្រទេសមីយ៉ាន់ម៉ា។មីយ៉ាន់ម៉ាដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និង ភាពច្របូកច្របល់អូសអន្លាយចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធាដឹកនាំដោយលោក មីន អ៊ុងឡាំង ទម្លាក់គណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី។
កិច្ចប្រជុំកំពូលអាស៊ានដែលប្រទេសប្រ៊ុយណេធ្វើជាម្ចាស់ផ្ទះ ទទួលបរាជ័យម្តងរួចទៅហើយក្នុងការជំរុញឱ្យមេដឹកនាំយោធាមីយ៉ាន់ម៉ាទទួលយកចំណុចកុងសង់ស៊ីសទាំង ៥ របស់អាស៊ានមានជាអាទិ៍ ការបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ការចាប់ផ្តើមឱ្យមានកិច្ចសន្ទនា បើកផ្លូវឱ្យមានបេសកជនពិសេសរបស់ប្រធានអាស៊ានចូលសម្របសម្រួល អនុញ្ញាតឱ្យអាស៊ានផ្តល់ជំនួយមនុស្សធម៌ និងគណៈប្រតិភូនឹងទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា ដើម្បីជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។
តើសម្តេច ហ៊ុន សែន អាចចរចារកចំណុចរួមបានទេ?
សម្តេច ហ៊ុន សែន ត្រូវបានគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា មានបទពិសោធនជាច្រើនផ្នែកចរចាស្វែងរកសន្តិភាព។សម្តេច គឺជាអតីតយុវជនមួយរូបដែលបានសម្រេចចិត្តចូលក្នុងចលនាតស៊ូរំដោះជាតិតាមព្រះរាជអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ហើយបានសម្រេចចិត្តចូលបម្រើកងទ័ពចលនាតស៊ូក្នុងព្រៃនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៧០ រហូតបានទទួលជោគជ័យក្នុងការផ្តួលរំលំរបបខ្មែរក្រហម និង បានក្តោបក្តាប់កាន់កាប់ទីក្រុងភ្នំពេញ តាមរយៈចរចាផងវៃផង។
ក្នុងតំណែងជានាយករដ្ឋមន្ត្រី ថ្វីត្បិតតែនៅក្នុងវិស័យនយោបានប្រកាន់ភ្ជាប់នូវយន្តការពហុបក្ស ក៏ប៉ុន្តែការអនុវត្តនយោបាយរបស់សម្តេច ហ៊ុន សែន គឺមានភាពខ្លាំងក្លាដោយមិនមានចិត្តមេត្តាឡើយ គឺសម្តេចប្រកាន់ភ្ជាប់នូវជំហរការពារផលប្រយោជន៍ និង ឯករាជ្យភាពរបស់ប្រទេសកម្ពុជាជាធំ។ម្លោះហើយសម្តេច ហ៊ុន សែន ត្រូវគេប្រសិទ្ធនាមថា ជាបុរសខ្លាំង នៃប្រទេសកម្ពុជា។
ផ្អែកលើបទពិសោធដឹកនាំកម្ពុជាឆ្ពោះទៅកាន់សុខសន្តិភាពពេញលេញ ក្រុមអ្នកតាមដានមានសង្ឃឹមថា បុរសខ្លាំងរបស់កម្ពុជានឹងដើរតួនាទីសំខាន់ក្នុងការស្វះស្វែងរកជំនួយសម្រាប់មនុស្សធម៌ សេដ្ឋកិច្ច-សង្គម និង ប្រជាជនមីយ៉ាន់ម៉ាដោយផ្អែកលើគោលការណ៍មិនលូកដៃចូលផ្ទៃក្នុង និង អព្យាក្រឹត និង ដើម្បីប្រយោជន៍ប្រជាជាតិអាស៊ាន ហើយនឹងអាចជួយមីយ៉ាន់ម៉ា រកច្រកដោះស្រាយវិបត្តិនយោបាយរបស់ខ្លួនបាន។
ម្យ៉ាងវិញទៀត ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រីទៅកាន់ប្រទេសមីយ៉ាន់ម៉ានេះ ជាការចាប់ផ្តើមបេសកកម្មការទូតរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងការនាំវត្តមានមីយ៉ាន់ម៉ាត្រឡប់ទៅក្នុងគ្រួសារអាស៊ានវិញ ហើយដំណើរទស្សនកិច្ចនេះអាចនឹងមានលទ្ធភាពខ្ពស់នៃវត្តមានរបស់មីយ៉ាន់ម៉ាក្នុងកិច្ចប្រជុំកំពូលអាស៊ានខាងមុខ ខណៈប្រទេសអាស៊ានមួយចំនួន ប្រងើយកន្តោយ ហើយងាកទៅរកឥស្សរជនមិនស្ថិតក្នុងស្ថានភាពនយោបាយ។
ជារួមមកវិញ ក្នុងនាមជាអ្នកការទូតជាន់ខ្ពស់ និងមានបទពិសោធន៍ ក៏ដូចជាជាអ្នកយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ផ្នែកចរចាក្តី ប៉ុន្តែមេដឹកនាំមីយ៉ាន់ម៉ា ប្រសិនបើពួកគេមិនធ្វើសម្បទានទេនោះ អាចនឹងមានការពិបាកផងដែរ។
ចូលកុំភ្លេចថា អាស៊ានបច្ចុប្បន្ននេះ គឺខុសពីទស្សវត្សរ៍៩០។ខុសត្រង់ថា អាស៊ានពេលនេះ បានក្លាយជាតំបន់ដែលមានតួនាទីដ៏សំខាន់ នៅក្នុងយុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិកនៅក្នុងចក្ខុវិស័យរបស់អាម៉េរិក ដោយសារវាមានសារៈសំខាន់យ៉ាងខ្លាំង ខាងផ្នែកសេដ្ឋកិច្ច និង នយោបាយ។ដូច្នេះហើយវាក៏អាចនឹងក្លាយទៅជាសមរភូមិនៃការប្រជែងឥទ្ធិពលគ្នាដ៏ក្តៅគគុក រវាងចិន និងអាម៉េរិក ព្រោះក្នុងប្រទេសជាសមាជិកអាស៊ានទាំង១០ មានទំនាក់ទំនងស្និទ្ធិនឹងអាម៉េរិក និងចិន ហើយវាអាចជាប្រភពដែលនាំឲ្យផ្ទៃក្នុងអាស៊ានខ្លួនឯងត្រូវបែកបាក់៕