កោះកុង៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣ មករានេះ បានថ្លែងពីគោលបំណង ក្នុងការពង្រីកផ្លូវជាតិលេខ៤ដោយខ្លួនឯង ក្រោយរងចាំពីប្រទេសដើមជំនួយ។សម្តេចបានថ្លែងរិះគន់ពីភាពយឹតយ៉ាវនៃគម្រោងពង្រីកផ្លូវជាតិលេខ៤ និងថា "មែនមិនចង់ធ្វើផ្លូវជាតិលេខ៤ទេ ប៉ុន្តែផ្លូវនេះជាផ្លូវជំនួយអាម៉េរិក"។
ថ្លែងក្នុងពិធីអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ សម្តេច ហ៊ុន សែន បានប្រកាសពីគម្រោងរបស់រដ្ឋាភិបាលក្នុងការពង្រីផ្លូវជាតិលេខ៤ពីភ្នំពេញ-ខេត្តព្រះសីហនុ។ប៉ុន្តែគម្រោងនេះមិនអាចដំណើរការងបានលឿនដោយសាររង់ចាំការដេញថ្លៃ។
សម្តេច ហ៊ុន សែន បានសម្តែងនូវការធុញទ្រាន់ចំពោះការងារដេញថ្លៃនេះ ហើយមានបំណងចង់បញ្ជេញថវិកាជាតិដោយខ្លួនឯង ធ្វើផ្លូវជាតិលេខ៤ ឲ្យបានធំដោយមិនចង់រង់ចាំពីប្រទេសដើមជំនួយ។
សម្តេង ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «មិនមែនយើងមិនចង់ធ្វើផ្លូវជាតិលេខ៤ទេ ក៏ប៉ុន្តែផ្លូវនេះជាផ្លូវរបស់សហរដ្ឋអាមេរិក ជាអ្នកជួយ ដល់ចឹងទៅយើងមិនដឹងទៅរកអ្នកណាជួយ លើសពីសហរដ្ឋអាម៉េរិកទៅទៀត ចឹងក៏ចេះតែរងចាំៗ ទៅ។ តែឥឡូវបានធនាគារពិភពលោក ចុះហត្ថលេខាជួយខ្លះហើយ»។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤ ឬ(ផ្លូវមិត្តភាពកម្ពុជា-អាម៉េរិក) ពីភ្នំពេញទៅខេត្តព្រះសីហនុ កាត់តាមខេត្តកំពង់ស្ពឺ មានប្រវែង ២៣២ គឺឡូម៉ែត ជាជំនួយរបស់អាម៉េរិកផ្តល់ជូនកម្ពុជាកាលពីឆ្នាំ ១៩៥៥។ការសាងសង់ដោយចំនួនទឹកប្រាក់អស់២៥លានដុល្លារ ជាគម្រោងជំនួយសហប្រតិបត្តិការទោលធំជាងគេដោយមានកម្មករអាម៉េរិក និង កម្ពុជាធ្វើរួមគ្នា៕