ភ្នំពេញ៖ក្រុមជំនាញចិននៅតែបន្តបាញ់ថ្នាំសម្លាប់មេរោគនៅកម្ពុជា ហើយបានផ្តល់ម៉ាស៊ីនបំភាយឧស្ម័នបាញ់សម្លាប់មេរោគ២០០គ្រឿង និងសម្លៀកបំពាក់ប្រើប្រាស់សម្រាប់បាញ់ថ្នាំសម្លាប់មេរោគជិត១ពាន់កំប្លេ។
ក្រុមអ្នកជំនាញស្ម័គ្រចិនចំនួន១០រូប មកពីអង្គការសង្គ្រោះមេឃពណ៌ខៀវ ប្រទេសចិនបានមកបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីសាធារណៈ ក្នុងប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តបេសកកម្មនេះបន្តទៀត ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅកម្ពុជា។ គិតត្រឹមព្រឹកថ្ងៃទី៤ ឧសភា ២០២០ មានជាង២០ទីតាំងហើយក្នុងខេត្តចំនួន៣ ដែលត្រូវបានបាញ់ថ្នាំសម្លាប់មេរោគ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ។
ក្រុមនេះនឹងបន្តបេសកកម្មបាញ់ថ្នាំសម្លាប់មេរោគនៅខេត្តចំនួន៧ទៀត រួមមានខេត្តព្រះសីហនុ ខេត្តកំពង់ឆ្នាំង ខេត្តសៀមរាប ព្រះវិហារ ខេត្តកំពង់ធំ ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ហើយក្រៅពីបាញ់ថ្នាំសម្លាប់មេរោគ ក្រុមស្ម័គ្រចិននេះក៏បានជួយបណ្តុះបណ្តាលពីជំនាញសង្គ្រោះ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺផងដែរ៕