
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា W. Patrick Murphy បានជំរុញឱ្យកម្ពុជាបន្តទំនាក់ទំនងល្អជាមួយប្រទេសចិន ប៉ុន្តែក៏បានព្រមានប្រឆាំងនឹងផលប៉ះពាល់ដែលអាចកើតមានចំពោះអធិបតេយ្យភាព និងនិរន្តរភាពហិរញ្ញវត្ថុ។ នេះបើតាមលោកឯកអគ្គរដ្ឋទូត ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុសម្លេងអាមេរិក (VOA) កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។
លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា ការវិនិយោគរបស់ចិនចូលមកក្នុងប្រទេសជាច្រើនកើនឡើងនៃឧក្រិដ្ឋកម្ម បានទាក់ទាញការរិះគន់ក្នុងស្រុក និងអ្នកសង្កេតការណ៍យ៉ាងខ្លាំង។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលចង្អុលទៅមូលដ្ឋានទ័ពជើងទឹកចិនដ៏មានសក្តានុពលនៅក្នុងមូលដ្ឋានទ័ពជើងទឹករាម ខេត្តព្រះសីហនុ នឹងបង្កបញ្ហាប្រឈមសម្រាប់ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក និងតំបន់។
លោកឯកអគ្គរដ្ឋទូត បន្តថា មកទល់ពេលនេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា និងជាប្រភពនៃការវិនិយោគផ្ទាល់ពីបរទេស ជាមួយនឹងទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់ ៧ពាន់លានដុល្លារកាលពីឆ្នាំមុន។ លំហូរនៃការវិនិយោគរបស់ជនជាតិចិន បានប្រែក្លាយទីក្រុងឆ្នេរសមុទ្រកម្ពុជានៃ ខេត្តព្រះសីហនុ និងលំហូរចូលនៃប្រាក់ចិន និងកម្មករ ជាពិសេសការកើនឡើងនៃឧក្រិដ្ឋកម្ម បានទាក់ទាញការរិះគន់ក្នុងស្រុក និងអ្នកសង្កេតការណ៍យ៉ាងខ្លាំង ដែលចង្អុលទៅការពឹងផ្អែកខ្លាំងពេករបស់កម្ពុជាលើទីផ្សារតែមួយ។
សូមរម្លឹកថា ទំនាក់ទំនងរវាងកម្ពុជា-ចិន បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ក្នុងសម័យទំនើប ក្រោមការដឹកនាំរបស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងលោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ កម្ពុជា-ចិនបានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅឆ្នាំ១៩៥៨។ ក្រោយមកទៀតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិនកាន់តែមានភាពប្រសើរឡើង និងបានក្លាយជាមិត្តដែកថែប។ កាលពីឆ្នាំ២០២០ កម្ពុជា-ចិនបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងបានធ្វើការទំនាក់ទំនងវិនិយោគជាច្រើននៅកម្ពុជាផងដែរ។
តែយ៉ាងណាក៌ដោយ ចំពោះការព្រួយបារម្ភរបស់អាមេរិកជុំវិញបញ្ហាក្នុងមូលដ្ឋានទ័ពជើងទឹករាម កន្លងទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានថ្លែងសារជាច្រើនដងហើយថា«កម្ពុជាជាប្រទេសឯករាជ្យនិងអធិបតេយ្យភាព។ កម្ពុជាមិនចូលរួមជាមួយអ្នកនេះប្រឆាំងជាមួយអ្នកនោះ និងមិនអនុញ្ញាតឲ្យមានទីតាំងយោធាបរទេសនៅលើទឹកដីរបស់ខ្លួន។
សម្តេច ហ៊ុន សែន កាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២០ បានសង្កត់ធ្ងន់ថា កំពង់ផែសមុទ្ររាមរបស់កម្ពុជាគឺសម្រាប់មិត្តភក្តបរទេសទាំងឡាយ។សម្តេចថា "មូលដ្ឋានជើងទឹករាមនឹងទទួលស្វាគមន៍គ្រប់ប្រទេសទាំងអស់ដែលមានបំណងចូលនាវាចម្បាំងរបស់ខ្លួនមកសុំចតឈប់សម្រាក ឬក៏ចូលរួមធ្វើសមយុទ្ធជាមួយកម្ពុជា៕