
ភ្នំពេញ៖ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា និងដឹកនាំកិច្ចប្រជុំលើកទី១១ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី (JC) រវាងកម្ពុជា និងថៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែធ្នូ ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ។
យោងតាមសេចក្តីជូនព័ត៌មាន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អំពីចំណងទំនាក់ទំនងទ្វេភាគី និងផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិដែលជាកង្វល់រួមនាពេលបច្ចុប្បន្ន ក៏ដូចជាតួនាទីរបស់កម្ពុជាជាប្រធានអាស៊ាន ឆ្នាំ២០២២ ផងដែរ ។
ចំពោះកិច្ចប្រជុំគណៈកម្មការចម្រុះ (JC) លើកទី១១ ក្រោមមូលបទ «សន្តិភាព វិបុលភាព ស្តារឡើងវិញទាំងអស់គ្នា» រដ្ឋមន្រ្តីការបរទេសទាំងពីរ នឹងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តកំណត់ហេតុកិច្ចប្រជុំ JC លើកទី១០ កាលពីឆ្នាំ២០១៦ និងពិភាក្សាលើទិដ្ឋភាពនានា នៃកិច្ចសហប្រតិបត្តិការរវាងប្រទសទាំងពីរ ក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងគោលបំណងបន្តពង្រឹង និងលើកកម្ពស់បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រទាំងពីរ ដើម្បីការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីវិបតិ្តកូវីដ-១៩៕