
ព្រៃវែង៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៦ ធ្នូនេះ បានបង្ហើបថាមានមនុស្សចំនួន៤នាក់ដែលត្រៀមលក្ខណៈ ដើម្បីស្នងតំណែងនាយករដ្ឋមន្ត្រី ហើយឯកឧត្តម ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលតំណែងនាយករដ្ឋមន្ត្រីនោះទេ។ការថ្លែងរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ ១១ និង ផ្លូវក្នុងក្រុងព្រៃវែង។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនមានតែឯកឧត្តម ហ៊ុន ម៉ាណែត គឺមានសមាជិកគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្រេច ដើម្បីជ្រើសរើសបេក្ខជនដែលអាចស្នងតំណែងជានាយករដ្ឋមន្ត្រី ហើយកន្លងទៅមានបេក្ខជនមួយចំនួនដែលសម្តេច ហ៊ុន សែន បានមើលឃើញរួចទៅហើយ។
បើតាមសម្តេច ហ៊ុន សែន សម្តេចគោរពតាមការសម្រេចរបស់សមាជិកគណបក្សទាំងមូល ហើយការសម្រេចទាំងអស់គឺស្ថិតលើការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ។ចំពោះការប្រកាសកន្លងទៅដោយសម្តេច ហ៊ុន សែន ចង់រុញទឹកបណ្តោយទឹកទៅតាមការរិះគន់របស់ក្រុមប្រឆាំង។
សម្តេច ហ៊ុន សែន បានថ្លែងថា "ហ៊ុន ម៉ាណែត មិនទាន់ដល់ពេលនោះទេ មិនអាចឱហ៊ុន ម៉ាណែតទៅធ្វើប្រធាន អ្នកមេដឹកនាំសំខាន់ៗបើចេញគឺចេញទាំងអស់គ្នា"។
គួរបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថាកូនប្រុសច្បងរបស់សម្តេចគឺ ឯកឧត្តម ហ៊ុន ម៉ាណែត នឹងធ្វើជានាយករដ្ឋមន្ត្រីបន្តពីសម្តេច តែត្រូវឆ្លងកាត់ការបោះឆ្នោត។ការប្រកាសនោះមាន ស្ថាប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សកម្មជនដែលស្រលាញ់គណបក្សកាន់អំណាច បានបង្ហោះសារព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់សម្តេច ហ៊ុន សែន៕