ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២៩ មេសានេះ បានចេញសេចក្តីអំពាវនាវជាសាធារណៈដល់ប្រជាពលរដ្ឋឲ្យគោរពច្បាប់ចរាចរណ៍ បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមក ដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស។
សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលខាងនេះ ការរឹតបន្តឹងច្បាប់ចរាចរណ៍នឹងចាប់ផ្តើមអនុវត្តនៅទូទាំងប្រទេស។ ស្របជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវ និងក្រើនរំឮកដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗឲ្យបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ។
សម្តេចបានបញ្ជាក់បន្ថែមថា ការរឹតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាលរហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។
គួរបញ្ជាក់ថា ការលើកឡើងរបស់សម្តេចបែបនេះ ធ្វើឡើងបន្ទាប់ពីមានការចេញសេចក្តីជូនដំណឹងរបស់អគ្គស្នងការនគរបាលជាតិ នឹងធ្វើការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ ចាប់ពីថ្ងៃទី០១ ឧសភា ឆ្នាំ២០២០ ខាងមុខនេះ។