ភ្នំពេញ៖ ក្រសួងការងារសម្រេចឱ្យរោងចក្រចំនួន១០ ក្នុងនោះមានកម្មករនយោជិតប្រហែល ៦០០០នាក់ ដែលមានការអនុញ្ញាតព្យួរការងារជាបណ្ដោះអាសន្នតាមគោលការណ៍ នោះក្រសួងនឹងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០ដុល្លារក្នុងមួយនាក់ ផ្ទេរប្រាក់ខែតាមរយៈធនាគារវីង ក្នុងកំឡុងពេលមានការរាលដាលជំងឺកូវីដ១៩ដោយមិនបានមកបំពេញការងារក៏ដោយ។ នេះយោងទៅតាមការថ្លែងរបស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ នាថ្ងៃទី២៧ ខែមេសា ។
បើតាមលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានគូសបញ្ជាក់ថា ខាងក្រសួងត្រូវការលេខទូរសព្ទ និងអត្តសញ្ញាណរបស់កម្មករទាំងនោះពីក្រុមហ៊ុនរោងចក្រ ធ្វើជាបញ្ជីផ្ដល់ឱ្យក្រសួង ជូនទៅដល់ធនាគារវីង ក្នុងការផ្ទេរប្រាក់ឧបត្ថម្ភប្រចាំខែដល់កម្មករកម្មការិនីទាំងនោះ។ ដើម្បីផ្ទេរប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារ ក្នុងមួយខែ។
បើសិនកម្មករផ្ដល់លេខទូរសព្ទខុស នោះមិនអាចទំនាក់ទំនងបានទេ នោះពួកគាត់នឹងមិនទទួលបានប្រាក់ខែបានទេ ព្រោះពួកគាត់មិនដឹងថាត្រូវទៅបើកប្រាក់តាមរយៈវីងដោយរបៀបណា។
អ្នកនាំពាក្យក្រសួងការងាររូបនេះ សូមសំណូមពរដល់នយោជិកកម្មករកម្មការិនីទាំង ៦ពាន់នាក់ថា សូមរក្សានូវលេខទូរសព្ទដៃដែលខ្លួនបានផ្ដល់ដល់រដ្ឋបាល ហើយ ករណីចាំបាច់ត្រូវប្ដូរលេខ សូមបងប្អូននយោជិតកម្មការទាំងអស់នោះ មកជូនដំណឹងទៅរដ្ឋបាលរោងចក្រ នូវលេខទូរសព្ទចុងក្រោយបំផុត ព្រោះការផ្ទេរប្រាក់គឺតាមរយៈលេខទូរសព្ទនេះហើយជាការសំខាន់បំផុត។ ការផ្លាស់ប្ដូរលេខញឹកញាប់ មិនមែនជាវិធីល្អទេ។